(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា បានសម្ដែងការសាទរ និងមោទនភាព ចំពោះវិស័យកីឡាកម្ពុជា ពិសេសក្នុងរយៈពេលចុងក្រោយ ដែលបានសម្រេចសមិទ្ធផលដ៏ត្រចះត្រចង់ ហើយបាននឹងកំពុងដើរតួនាទីសំខាន់ ក្នុងការរួមចំណែកមូលធន និងសុខដុមនីយកម្មសង្គម ។

ការថ្លែងរបស់លោកជំទាវ ធ្វើឡើងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅសាលដំបូលទូកនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។ ពិធិបិទនេះ ក៏មានការចូលរួមពីលោកជំទាវ តាន់ ម៉េងហួយ កេគិមសែ នាយកខុទ្ធកាល័យសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ និងលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងថ្នាក់ដឹកនាំជាច្រើនទៀត ។

លោកជំទាវបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងក្រសួងអប់រំ យុវជន និងកីឡា NOCC និងសហព័ន្ធកីឡាជាតិ ដែលបានសហការគ្នាយ៉ាងល្អ និងសម្រេចបាននូវលទ្ធផលវិស័យកីឡាគួរជាទីពេញចិត្ត និងបានបង្ហាញនូវមោទនភាពជាតិលើឆាកជាតិ និងអន្ដរជាតិ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា «ក្នុងរយៈពេលចុងក្រោយ វិស័យកីឡា ក៏ដូចជាវិស័យកីឡារាំ មានការវិវឌ្ឍរគួរជាទីសាទរ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសក្នុងស្រទាប់យុវជន ដោយសាររាជរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ បានរួមគ្នាធ្វើកំណែទម្រង់វិស័យកីឡាលើគ្រប់ទិដ្ឋភាព»

លោកជំទាវបន្ថែមថា «វិស័យកីឡាបានដើរតួនាទីសំខាន់ ក្នុងការកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលការណ៍នេះ រួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចនូវសុខដុមនីយកម្មក្នុងសង្គមជាតិ ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍កីឡា ផ្ដល់ឱកាសល្អសម្រាប់ការផ្លាស់ប្ដូរបច្ចេកទេស និងបទពិសោធន៍ ដែលជាមរតកវប្បធម៌ និងសិល្បការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឲ្យស្រលាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្ដិសព្ទកម្ពុជាឲ្យកាន់តែល្បីល្បាញលើឆាកអន្ដរជាតិ»

កត្ដាទាំងអស់នេះហើយ ដែលកម្ពុជាត្រូវខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញឲ្យឃើញនូវកម្លាំងសាមគ្គីភាពជាតិ និងកម្លាំងសេដ្ឋកិច្ចកម្ពុជា ដែលបានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយមួយក្រោមនយោបាយ ឈ្នះឈ្នះ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងជាការប្ដេជ្ញាចិត្តក្នុងនាមកម្ពុជាជាសមាជិកអាស៊ាន ។

តាមរយៈនេះ លោកជំទាវបានអំពាវនាវដល់ក្រសួងអប់រំ យុវជន និងកីឡា, NOCC និងវិស័យឯកជន បន្ដជួយគាំទ្រទាំងថវិកា សម្ភារៈបច្ចេកទេស ទីកន្លែងហ្វឹកហាត់ដល់សហព័ន្ធកីឡាជាតិ ក៏ដូចជាកីឡារាំ ដែលដឹកនាំដោយក្រុមស្ដ្រី ដើម្បីបង្កឱកាសដល់សហព័ន្ធ បានបន្ដបេសកកម្ម ដើម្បីអភិវឌ្ឍន៍វិស័យកីឡារាំឲ្យកាន់តែរីកចម្រើនទៅមុខ បង្កើតបានជាធនធានកីឡាករ-កីឡាការិនី និងគ្រូបច្ចេកទេសជាដើម ។

បន្ថែមលើនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានពាំនាំនូវអនុសាសន៍ផ្ដាំផ្ញើរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់កីឡាករ-កីឡាការិនី នៃកីឡារាំ ដែលត្រៀមការប្រកួតនាពេលខាងមុខផងដែរ រួមមាន៖

ទី១-ត្រូវបន្ដការហ្វឹកហាត់ និងថែបំប៉នសុខភាពឲ្យបានល្អ
ទី២-ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ល្អជាកីឡាករ-កីឡាការិនី និងមិត្តល្អ ដើម្បីបង្កើតនូវការចងចាំល្អពីកម្ពុជា ព្រោះអត្តពលិកកម្ពុជាម្នាក់ៗ សុទ្ធសឹងជាអង្គទូតតំណាងកម្ពុជា
ទី៣-ចៀសវាងដាច់ខាតនូវការប្រើប្រាស់សារធាតុហាមឃាត់ និងការប្រព្រឹត្ដខុសពីបទបញ្ជាកីឡា
ទី៤-រក្សាសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក ឲ្យដូចជាសុភាសិត «នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយ»ទី៥-បង្កភាពសាមគ្គីភាព និងមិត្តភាព ជាមួយអត្តពលិកនៃបណ្ដាប្រទេសនានា ក្រោមគោលការណ៍ ឈ្នះគឺជាការបង្កើនមិត្តច្រើន និងឈរលើក្រមសីលធម៌ល្អ។

គួរដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះ បានដំណើរការប្រកួតរយៈពេល ១ថ្ងៃប៉ុណ្ណោះ ដោយមានកីឡាករ-កីឡាការិនីប្រមាណ ៥០នាក់ មកពី ៥ក្លិបចូលរួម ។ ការប្រកួតនេះ ត្រូវបានចាត់ទុកជាការសាល្បងមួយ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស មុនការប្រកួតកីឡា ASEAN Indoor Games 2024 នៅប្រទេសថៃ និងដំណើរឆ្ពោះទៅកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះជាដើម ៕