(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុនអាមេរិក Apple នឹងបាត់ធនធានដ៏ឆ្នើមមួយរូបទៀតដែលកាន់តួនាទីជាអនុប្រធាន (VP) ផ្នែកឌីហ្សាញ iPhone និង Apple Watch ដែលឈ្មោះថា លោក Tang Tan ខណៈលោកនឹងលាឈប់ពីតួនាទីនៅខែកុម្ភៈ ឆ្នាំក្រោយនេះ។ នេះបើយោងតាមការចេញផ្សាររបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

គិតត្រឹមសប្តាហ៍នេះក្រុមហ៊ុន Apple បានបាត់បង់ធនធានដ៏សំខាន់ដល់ទៅពីរូប ដោយនៅថ្ងៃទី០៦ សប្តាហ៍នេះលោក Steave Hotelling ដែលជាមេធំផ្នែក Touchscreen និង Touch ID ទើបតែប្រកាសចេញពីតួនាទីរបស់លោកផងដែរ។

យ៉ាងណាមិញការចាកចេញរបស់លោក Tang Tan នៅមិនទាន់ការអត្ថាធិប្បាយណាមួយពី Apple នៅឡើយនោះទេ ថាបណ្តាលមកពីមូលហេតុអ្វី។ ប៉ុន្តែចំពោះ «តំណែង» របស់លោក Tang Tan ត្រូវបានគេរំពឹងថា Apple អ្នកចាត់តាំងអ្នកមើលការខុសត្រូវថ្មីក្នុងពេលឆាប់ៗនេះ។

គួរជម្រាបដែរថា លោក Tang Tan បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Apple ចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ គិតមកដល់ពេលនេះមានរយៈពេលប្រមាណជាង ១០ឆ្នាំមកហើយ។ លោកTang Tan បានដើរតួរយ៉ាងសំខាន់ក្នុងការបង្កើតនូវរូបរាងឌីហ្សាញផលិតផលល្បីៗមួយចំនួនរបស់ Apple រួមមាន iPhone X, iPhone 12, iPhone 14 រួមទាំង Apple Watch Series 4 និង Series 7 ផងដែរ៕