(ភ្នំពេញ)៖ សហព័ន្ធកីឡារាំកម្ពុជា នៅថ្ងៃទី១១ ខែធ្នូនេះ បានរៀបចំការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅសាលដំបូលទូក នៃមជ្ឈមណ្ឌលជាតិហ្វឺកហ្វឺនកីឡា ដោយទទួលបានការគាំទ្រយ៉ាងផុសផុស ពិសេសក៏មានការអញ្ជើញចូលរួមពីលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត អគ្គទីប្រឹក្សាផ្ទាល់សម្តេច ព្រះអភិសិរីសុគន្ធ មហាសង្ឃរាជគណធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងព្រះនាងតូច នរោត្ដម ជេនណា ទូតសុច្ឆន្ទៈរបស់សហព័ន្ធកីឡារាំកម្ពុជាផងដែរ។

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជា ប្រធានសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតនេះមានរយៈពេល ១ថ្ងៃ ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីប្រមាណ ៥០នាក់ មកពី ៥ក្លិបចូលរួម។ ការប្រកួតប្រចាំឆ្នាំនេះ ត្រូវបានចាត់ទុកជាយុទ្ធសាស្ដ្រដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនី ឆ្ពោះទៅរកការប្រកួតលើឆាកអន្ដរជាតិ ស្របតាមផែនការក្រសួងអប់រំ យុវជន និងកីឡា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ប្រធានសហព័ន្ធដដែលបន្ដថា «ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមដំបូលនៃសន្តិភាព វិស័យកីឡា និងចលនាអូឡាំពិកកម្ពុជា បានបោះជំហានយ៉ាងស្វាហាប់ និងសកម្មបំផុតឆ្ពោះទៅសមាហរណកម្មកម្រិតសមត្ថភាពកីឡាកម្ពុជាទៅក្នុងតំបន់ ទ្វីប និងពិភពលោក។ ការរីកចម្រើនលូតលាស់ឆាប់រហ័ស និងផុសផុលក្នុងសង្គមចាប់អារម្មណ៍ និងចូលរួម សកម្មភាពកីឡារបស់យុវជន និងប្រជាពលរដ្ឋបានបង្ហាញពីការដឹកនាំត្រឹមត្រូវ និងប៉ិនប្រសប់ជាមួយគោលនយោបាយកីឡាច្បាស់លាស់របស់រាជរដ្ឋាភិបាល ទើបវិស័យកីឡាជាតិទទួលបាននូវសមិទ្ធផល ការងារគួរជាទីមោទនបែបនេះ»

ដោយឡែកលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានចាត់ទុកការប្រកួតនេះ គឺជាការឆ្លុះបញ្ចាំងពីសមត្ថភាព បច្ចេកទេស ទេពកោសល្យ ចំណេះដឹង និងបទពិសោធន៍ថ្មីៗ របស់កីឡាករ-កីឡាការិនី ដែលខំប្រឹងហ្វឹកហាត់ជាច្រើនឆ្នាំកន្លងមក។ លោកជំទាវបានផ្តាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត ត្រូវឈរលើស្មារតីយុត្តិធម៌ សុក្រិត្យមិនលំអៀង ក្នុងការកាត់សេចក្ដី ហើយកីឡាករ-កីឡាការិនីផ្ទាល់ ត្រូវគោរពបទបញ្ជាប្រកួត និងបញ្ចេញឲ្យអស់ពីសមត្ថភាពដូចគ្នា ដើម្បីឈានទៅដណ្តើមមេដាយសម្រាប់ខ្លួនឯង ហើយវិវឌ្ឍន៍ខ្លួន ឆ្ពោះទៅរកការប្រកួតលើឆាកអន្តរជាតិ និងត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ជាដើម៕