(បរទេស)៖ មួយរយៈចុងក្រោយនេះក្រុមហ៊ុន Apple កំពុងតែព្យាយាមផ្លាស់ទីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនកាន់តែច្រើនចេញពីប្រទេសចិន។ បន្ទាប់ពីរបាយការណ៍ផ្លាស់ប្តូរធនធានបុគ្គលិកផ្នែក iPad ទៅកាន់វៀតណាម ឥលូវនេះទទួលបានដំណឹងថ្មីមកថា Apple ត្រៀមនឹងផ្លាស់ទីខ្សែសង្វាក់ផលិតកម្ម iPhone ប្រហែល មួយភាគបួនទៅកាន់ប្រទេសឥណ្ឌាក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពពីកាសែត Wall Street Journal បានឱ្យដឹងថា Apple ធ្វើការផ្លាស់ទីខ្សែសង្វាក់ផលិតកម្ម iPhone របស់ខ្លួនខ្ទង់ ៥០លានគ្រឿងក្នុងមួយឆ្នាំទៅកាន់ប្រទេសឥណ្ឌាក្នុងរយៈពេល ២ ទៅ ៣ឆ្នាំខាងមុខនេះ។ ប្រទេសចិនគឺ ជាកន្លែងផលិត iPhone ដ៏ធំបំផុតនៅលើពិភពលោក ប៉ុន្តែត្រូវបានគេរាយការណ៍ Apple កំពុងតែព្យាយាមគេចចេញពីប្រទេសនេះជាបន្តបន្ទាប់ ទាំងនេះក៏ដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិច និង ចិន ហើយតម្រូវឱ្យផ្លាស់ប្តូទៅកាន់ប្រទេសវៀតណាម និងឥណ្ឌាជំនួសវិញ។

គួរជម្រាបដែរថា Apple កំពុងបោះទុនក្នុងប្រទេសឥណ្ឌាកាន់តែច្រើនឡើងក្នុងរយៈពេលថ្មីនេះៗ ជាមួយនឹងការផលិត iPhone 15 ភាគច្រើននៅទីនោះ រួមទាំងផលិតផលជាច្រើនផ្សេងទៀត។ គិតមកដល់ពេលនេះ Apple មានក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើននៅទីនោះរួមមាន Foxconn, Tata Group, TDK Group និងមានក្រុមហ៊ុនផ្គត់ផ្គង់មួយចំនួនទៀត៕