(កូរ៉េ)៖ នៅថ្ងៃទី១១ ខែធ្នូនេះ តារាចម្រៀងក្នុងក្រុម BTS គឺ RM និង V នឹងចូលទៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ព Nonsan នៅ Chungnam ដែលពួកគេនឹងចាប់ផ្តើមការបម្រើយោធារបស់ខ្លួន ក្នុងនាមជាទាហានសកម្មក្នុងជួរកងទ័ព។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All KPOP នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងនោះតារាចម្រៀង V ត្រូវបានគេដឹងថា​ នឹងចូលបម្រើការងារក្នុងអង្គភាពបេសកកម្មពិសេសនៃបញ្ជាការដ្ឋានការពាររាជធានី។ ទន្ទឹមគ្នានេះ នៅថ្ងៃទី៥កន្លងទៅ ផលិតកម្ម Big Hit Music បានប្រកាសថា «នឹងមិនមានព្រឹត្តិការណ៍ផ្លូវការដាច់ដោយឡែកនៅថ្ងៃនៃការចូលបំពេញកាតព្វកិច្ចយោធារបស់ពួកគេទេ»។ បន្ថែមពីនេះ ផលិតកម្មបាន​សំណូមពរ​ដល់​អ្នកគាំទ្រ​ កុំ​ឲ្យ​ចូល​ទស្សនា​កន្លែងដែលពួកគេចូលបម្រើយោធានោះ​ដើម្បី​ការពារ​សុវត្ថិភាព​នានា និងផលរំខានដោយការ​កកស្ទះចរាចរណ៍ជាដើម ខណៈកាលបរិច្ឆេទ​រំពឹង​ទុក​នៃ​ការបញ្ចប់កាតព្វកិច្ចយោធារបស់ RM និង V គឺ​នៅ​ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ២០២៥។

គួរជម្រាបថា បន្ទាប់ពីការចុះឈ្មោះរបស់ RM និង V គឺនៅថ្ងៃទី១២ ខាងមុខនេះ លោក Jimin និង Jungkook ក៏នឹងចូលបម្រើយោធារបស់ពួកគេផងដែរ ដែលមានន័យថាសមាជិកទាំងប្រាំពីរនាក់របស់ BTS នឹងចាប់ផ្តើមបំពេញកាតព្វកិច្ចយោធារបស់ពួកគេគ្រប់គ្នាអស់ហើយ៕