(ឡុងដ៏)៖ អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានដាក់ក្តីរំពឹងថា ខ្សែប្រយុទ្ធ Erling Haaland ដែលបានជួបបញ្ហាររបួសជើង និងអាចវិលត្រលប់ទៅរកសភាពល្អប្រសើរឡើងវិញ មុនជំនួបលើកដំបូងក្នុងការប្រជែងពាន Club World Cup នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

ខ្សែប្រយុទ្ធអន្តរជាតិន័រវេស Haaland បានលេងទាំង ១៥ប្រកួតក្នុងលីគអង់គ្លេស Premier League រដូវកាលនេះ តែត្រូវបានខកខាននៅជំនួបឈ្នះ ២-១ ទៅលើក្រុម Luton Town ក្នុងសប្តាហ៍ទី១៦ ក្រោយជួបបញ្ហារបួសជើង ខណៈរូបគេកំពុងរកបាន ១៩គ្រាប់ហើយ នារដូវកាលនេះជាមួយ Man City នៅគ្រប់កម្មវិធីប្រកួត។

ជាមួយគ្នានោះ នៅពេលសួរពាកពាន់ជាមួយរយៈពេលនៃការអវត្តមានរបស់ Haaland, អ្នកចាត់ការលោក Guardiola បានលើកឡើងថា« យើងមិនដឹងនោះទេ, យើងនឹងឃើញ ហើយសង្ឃឹមថា យើងអាចជួយគាត់សម្រាប់ Club World Cup» ដែលលោកបានបន្តថា បញ្ហារបួសនេះ គឺពាកពាន់ជាមួយឆ្អឹងជើង។

បញ្ជាក់ផងថា Man City ដែលជាជើងឯកលីគអឺរ៉ុប Champions League នឹងត្រូវឈរចាំលេងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជំនួបនេះនឹងធ្វើឡើង នាថ្ងៃទី១៩ ខែធ្នូនេះ ដោយត្រូវរង់ចាំជួបក្រុមមកពីលីគម៉ិចសិក ក្លិប Leon ឬក៏ក្រុមលីគជប៉ុន Urawa Red Diamonds ដ្បិតការប្រកួតពានរង្វាន់ Club World Cup ដែលមាន ៧ក្រុមមកពី ៦តំបន់នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១២-២២ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ីសាអូឌីត៕