(បរទេស)៖ គិតមកទល់ពេលនេះ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA ទទួលបានសំណើពីប្រទេសចំនួន ៣តំបន់ដែលជាសមាជិករបស់ខ្លួន ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ផ្នែកស្រ្តីនៅឆ្នាំ២០២៧ ខាងមុខ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឲ្យដឹងថា បណ្តាប្រទេសដែលបានដាក់ពាក្យស្នើសុំធ្វើម្ចាស់ផ្ទះ Women’s World Cup 2027 លើកទី១០ នេះគឺមានប្រទេសស្ថិតនៅតំបន់អឺរ៉ុប (UEFA) រួមមាន អាល្លឺម៉ង់ ប៊ែលហ្សិក និងហូឡង់ ដែលបានបង្ហាញចំណាប់អារម្មណ៍លើកដំបូងរបស់ពួកគេលើកដំបូងកាលពីខែតុលា ឆ្នាំ២០២០ មក។

ទន្ទឹមគ្នានោះ ប្រេស៊ីលដែលធ្លាប់ឈ្នះជើងឯក World Cup ផ្នែកបុរសបាន ៥សម័យកាលច្រើនជាងគេនោះ ក៏បានដាក់សំណើដេញថ្លៃផងដែរ ក្នុងនាមប្រទេសតែមួយគត់ចេញពីតំបន់អាមេរិកឡាទីន (CONMEBOL) គ្រាដែលប្រទេសស្ថិតនៅតំបន់អាមេរិកខាងជើងវិញរួមមាន មិចសិច និងសហរដ្អអាមេរិក ក៏ចង់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះដូចគ្នា។

អាមេរិកធ្លាប់ធ្វើម្ចាស់ផ្ទះ Women’s World Cup បាន ២លើករួចមកហើយក្នុងឆ្នាំ១៩៩៩ និងឆ្នាំ២០០៣ នៅពេលអាល្លឺម៉ង់ធ្លាប់ធ្វើម្ចាស់ផ្ទះម្តងដែរ កាលឆ្នាំ២០១១។

ការប្រកាសលទ្ធផលជាផ្លូវការសម្រាប់តំណែងម្ចាស់ផ្ទះ Women’s World Cup 2027 នឹងត្រូវធ្វើឡើងក្នុងអង្គមហាសន្និបាតប្រចាំឆ្នាំរបស់ FIFA នាទីក្រុងបាងកក ប្រទេសថៃនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ស្រ្តីអេស្ប៉ាញ ជាក្រុមជើងឯក World Cup ចុងក្រោយគេ នៅពេលយកឈ្នះស្រ្តីអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលមានប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ បានធ្វើម្ចាស់ផ្ទះរួមគ្នាក្នុងឆ្នាំ២០២៣ នេះ៕