(បាសេឡូណា)៖ តាមរយៈជ័យជម្នះ ៤-២ នៅក្នុងផ្ទះរបស់ក្រុម FC Barcelona បានធ្វើឱ្យ Girona ឡើងទៅឈរនៅ កំពូលតារាង La Liga ជាថ្មីគិតត្រឹមសប្តាហ៍ទី១៦ ជើងទី១ នេះដោយនាំមុខក្រុមលេខ២ Real Madrid ២ពិន្ទុផងដែរ។

៣ពិន្ទុក្រៅដី ក្នុងចំណោមជ័យជម្នះលើកទី១៣ នេះដែរ កើតចេញពីការបញ្ចប់ទីបានសម្រេចដោយកីឡាករ Artem Dovbyk, Miguel Gutierrez, Valery Fernandez និង Cristhian Stuani បានជួយឱ្យ Girona នៅតែជាគូប្រជែងសម្រាប់ពានលីគរបស់អស្ប៉ាញនារដូវកាលឆ្នាំ២០២៣-២០២៤ ដដែល ដែលរកបាន ៤១ពិន្ទុ នាំមុខក្រុមលេខ២ រដូវកាលមុន Real Madrid ២ពិន្ទុទៀតផង។

កីឡាករខ្សែប្រយុទ្ធ Robert Lewandowski ជាអ្នករកបានគ្រាប់តាមស្មើ ១-១ នៅនាទី១៩ មុនពេលមិត្តរួមក្រុម Gundogan រកបានគ្រាប់ទី២ នាទីចុងម៉ោងក្នុងកីឡដ្ឋាន Camp Nou តែមិនអាចជួយក្រុមការពារជើងឯក Barcelona ស្រោចស្រង់ពិន្ទុមកវិញឡើយ ក្រៅពីស្គាល់រសជាតិចាញ់ជាលើកទី២ សម្រាប់រដូវកាលនេះ គ្រាដែលគូប្រជែង Gironaទើបចាញ់ ១ប្រកួតប៉ុណ្ណោះ៕