(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថាក្រុមហ៊ុនអាមេរិក Apple កំពុងរៀបចំផ្ទេរធនធានបុគ្គលិកសុទ្ធសឹងតែជាអ្នកជំនាញ ដែលកាន់ខាងផ្នែកផលិត iPad ទៅកាន់ប្រទេសវៀតណាមជាលើកដំបូង។ នេះបើយោងតាមការចេញរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពពី Nikkie Asia បានឱ្យដឹងថា នេះជាលើកទី១ ហើយដែល Apple សម្រេចផ្លាស់ប្តូរធនធានវិស្វកម្ម ឬ ធនធាន NPI (New Product Introduction) របស់ខ្លួនទៅកាន់ប្រទេសវៀតណាម។ ធនធាន NPI នេះត្រូវបានគេស្គាល់ថា ជាក្រុមវិស្វកម្មដែលជាអ្នកមានជំនាញ នឹងមើលការខុសត្រូវលើការផលិត iPad ទាំងស្រុងរាប់ចាប់តាំងក្រុមផលិត រហូតដល់ក្រុមត្រួតពិនិត្យផលិតផលសម្រេច។

របាយការណ៍ពីប្រភពដដែលបានអះអាងថា Apple កំពុងចាប់ដៃគូសហការជាមួយនឹង BYD ដែលជាក្រុមហ៊ុនដំឡើង iPad ក្នុងប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មនេះ។ ខណៈមូលហេតុផ្លាស់ប្តូរការផលិត iPad ចេញពីប្រទេសចិននេះ គឺដោយសារតែកិច្ចខិតខំប្រឹងប្រែងក្នុងការគេចចេញពីប្រទេសចិន ហើយការទៅផលិតនៅវៀតណាមលើកនេះអាចនឹងមានរយៈពេលវែង។

គួរជម្រាបដែរថា ការសាកល្បងក្នុងការផលិត iPad ជាលើកដំបូងនៅវៀតណាម ត្រូវបានគេរំពឹងថា អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤។ ដូច្នេះ iPad ដំបូងដែលផលិតនៅប្រទេសវៀតណាម ទំនងជាអាចនឹងដាក់លក់ក្នុងពេលឆាប់ៗខាងមុខនេះ៕