(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ាស្ទ័រណាលី ហុងស៊ុយ និង Way Feng Shui Group ប្រទេសសិង្ហបុរី កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នបានបើកសិក្ខាសាលាស្ដីពី ហុងស៊ុយឆ្នាំ២០២៤ និងហុងស៊ុយយុគ៩ ដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់នៅ និងការប្រកបអាជីវកម្មសម្រាប់យុគថ្មី ដែលមានទីតាំងស្ថិតនៅសណ្ឋាគារ សុខាភ្នំពេញ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកស្រី Master Long Naly ប្រធានក្រុមហ៊ុន ម៉ាស្ទ័រណាលី ហុងស៊ុយ និងជាប្រធានសមាគមហុងស៊ុយអន្តរជាតិ ប្រចាំប្រទេសកម្ពុជា, លោក សាយ អំណាន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ធមន្ត្រី, Mr. Darren NG, អគ្គនាយកសមាគមហុងស៊ុយអន្តរជាតិ IFSA, Grand Master Tan Khoon Yong នៃក្រុមហ៊ុន Way Feng Shui Group ប្រទេសសឹង្ហបុរី និងជាអគ្គនាយករងសមាគម ហុងស៊ុយអន្តរជាតិ IFSA , Master Goh Guan Leong នៃក្រុមហ៊ុន Way Feng Shui Group ប្រទេសសឹង្ហបុរី ក្រុមការងារ និងសិក្ខាកាមជាច្រើនរូប។

នាឱកាសនោះដែរ លោកស្រី Master Long Naly បានលើកឡើងថា វិជ្ជាហុងស៊ុយ គឺជាវិជ្ជាដែលសិក្សាលម្អិតពាក់ព័ន្ធទៅនឹងបរិយាកាសជុំវិញ ចរន្តខ្យល់ ដំណើរនៃធម្មជាតិ និងតារាសាស្ត្រ។ ហុងស៊ុយ គឺជាផ្នែកមួយសំខាន់សម្រាប់ជីវិតរស់នៅរបស់យើង ដែលអាចបណ្តុះបណ្តាបញ្ញាស្មារតីរបស់ មនុស្សឲ្យមានភាព រីកចម្រើន ចូលរួមចំណែកអភិវឌ្ឍសង្គមគ្រួសារ តាមក្រិតក្រមនៃធម្មជាតិ និងដំណើរគោចរនៃតារាសាស្ត្រ។

លោកស្រី Master Long Naly បានបង្ហាញគោលបំណងសំខាន់ៗ នៃកម្មវិធីសិក្ខាសាលាហុងស៊ុយឆ្នាំ២០២៤ និងហុងស៊ុយយុគ៩នេះ គឺរៀបចំឡើងដើម្បីជាអត្ថប្រយោជន៍ ជូនសិក្ខាកាម ដែលនឹងបង្ហាញពី ហុងស៊ុយប្រចាំឆ្នាំ២០២៤ និងការផ្លាស់ប្តូរយុគ ដែលជាការផ្លាស់ប្តូរដ៏សំខាន់ជារៀងរាល់២០ឆ្នាំម្តង នោះគឺជាការប្តូរ ពីយុគ៨ ទៅយុគ៩ នឹងផ្លាស់ប្តូរ នៅថ្ងៃទី៤ កម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដែលបង្ហាញពីរបៀបនៃការរស់នៅ មុខជំនួញ សម្រាប់យុគ៩ សំខាន់ការព្យាករណ៍ពី សក្តានុពល លើវិស័យ៖ ទេសចរណ៍ បែបវប្បធម៌ ប្រពៃណី, ទេសចរណ៍ បែបទីសក្ការៈ, កសិកម្ម, ប្រៃសនីយ៍, ពាក់ព័ន្ធនឹងការរៀបចំដែនដី, បច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោក, នគរូបនីយកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រទេសកម្ពុជាយើង ក្នុងយុគ៩ និងមានចំណុចសំខាន់ៗជាច្រើនទៀតផងដែរ។

បន្ថែមពីនេះ លោកស្រី Master Long Naly ក៏សូមជម្រាបដំណឹងសំខាន់មួយ ដែលជាទីមោទនរបស់ប្រទេសកម្ពុជាយើង ដែលត្រូវបានសមាគមហុងស៊ុយ អន្តរជាតិ បានផ្តល់ទំនុកចិត្ត សម្រាប់ប្រទេសកម្ពុជា ជាប្រទេសទី៨ តំណាងឲ្យ សមាគមហុងស៊ុយអន្តរជាតិ International Feng Shui Association-IFSA ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី១១ ខែវិឆ្ឆិកា ឆ្នាំ២០២៣កន្លងមកនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ បេសកម្មរបស់សមាគមហុងស៊ុយអន្តរជាតិ នៅប្រទេសកម្ពុជា គឺដើម្បីដឹកនាំវិស័យហុងស៊ុយនៅប្រទេសកម្ពុជាឲ្យមានសណ្តាប់ធ្នាប់ល្អ និងមានការទទួលស្គាល់ថ្នាក់អន្តរជាតិ តាមរយៈការបង្ហាត់បង្រៀន និងបណ្តុះបណ្តាលចិនសែនៅប្រទេសកម្ពុជា យើងឲ្យមានចំណេះជំនាញត្រឹមត្រូវ យ៉ាងពិតប្រាកដប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងគុណធម៌ ដើម្បីជួយជម្រុញឲ្យសង្គមជាតិកម្ពុជាយើងឲ្យកាន់តែមានភាពរីកចម្រើន។

សូមជម្រាបដែរថា សមិទ្ធផលក្នុងឆ្នាំ២០២៣ ដែលទទួលបានពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ យើងទទួលបានការសម្រេច កិច្ចការធំៗ រួមមាន៖
* កិច្ចការចុះអនុសារណៈយោគយល់គ្នារវាង ក្រុមហ៊ុន ម៉ាស្ទ័រណាលីហុងស៊ុយ ជាមួយនឹង Way Feng Shui Group។
* ការចូលជាវាគ្មិនក្នុងសន្និបាតប្រចាំឆ្នាំ របស់សមាគមហុងស៊ុយអន្តរជាតិ IFSC និងទទួលបានវិញ្ញាបនបត្រកោតសរសើរពី IFSA
* ទទួលបានការទុកចិត្តពីសមាគមហុងស៊ុយអន្តរជាតិ លើប្រទេសកម្ពុជាយើងក្លាយជាប្រទេសទី៨ តំណាងឲ្យសមាគមហុងស៊ុយអន្តរជាតិ ដែលមានរូបនាងខ្ញុំជាប្រធានសមាគមហុងស៊ុយអន្តរជាតិ ប្រចាំប្រទេសកម្ពុជា។
ចុងក្រោយMaster Long Naly ក៏បានជូនពរដល់សិក្ខាកាមដែលបានចូលរួម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលបានជោគជ័យគ្រប់ៗគ្នាក្នុងយុគថ្មី យុគ៩៕