(ភ្នំពេញ)៖ នៅក្នុងប្រទេសកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈរួមមាន ផ្លូវ ថ្នល់ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធលូ ទឹកស្អាត និងភ្លើងបំភ្លឺ ជាផ្នែកមួយដ៏សំខាន់ ដើម្បីគាំទ្រដល់ដំណើរការដឹកនាំ និងគ្រប់គ្រងរបស់រដ្ឋបាលដែនដី ។ ក្នុងនោះដែរ ប្រព័ន្ធភ្លើងបំភ្លឺនៅតាមទីសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់សោភ័ណភាព ជាពិសេសនៅតាមទីប្រជុំជននានា ឱ្យកាន់តែទាក់ទាញ និងបង្កភាពងាយស្រួលក្នុងការធ្វើចរាចរណ៍នាពេលរាត្រី ដោយរាល់ការចំណាយពាក់ព័ន្ធ គឺជាបន្ទុករបស់រដ្ឋ ។

ហេតុនេះហើយ ដើម្បីសម្រួលលើបន្ទុកចំណាយនេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតអាករមួយប្រភេទ ហៅថា «អាករសម្រាប់បំភ្លឺសាធារណៈ»

ហេតុដូចនេះ ដើម្បីបង្ហាញឱ្យកាន់តែច្បាស់ថា តើអ្វីទៅជាអាករសម្រាប់បំភ្លឺសាធារណៈ? តើអ្នកណាជាអ្នកមានកាតព្វកិច្ចត្រូវបង់អាករប្រភេទនេះ? ហើយត្រូវបង់នៅពេលណា និងមានមូលដ្ឋានគណនាបែបណាខ្លះ?

សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «អាករសម្រាប់បំភ្លឺសាធារណៈ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។

យោងតាមប្រកាសលេខ ៩៧៦ សហវ.ប្រក ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ ស្តីពីការកំណត់មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក្យ «អាករសម្រាប់បំភ្លឺសាធារណៈ» ត្រូវបានឱ្យនិយមន័យថា ជាអាករមួយប្រភេទដែលត្រូវកំណត់លើគ្រប់ដំណាក់កាល នៃការផ្គត់ផ្គង់សុរាមេរ័យ និងបារី បន្ទាប់ពីបាននាំចូល ឬ ផលិតផលិតផលជាប់អាករ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិសម្រាប់បំភ្លឺសាធារណៈ ដែលពាក្យ «ផលិតផលជាប់អាករ» សំដៅដល់ សុរាមេរ័យ និងបារី ។

ក្នុងន័យនេះ «សុរាមេរ័យ» សំដៅដល់ (១) ស្រាបៀរ (២) ស្រាទំពាំងបាយជូរស្រស់ រួមទាំងស្រាទំពាំងបាយជូរដែលមានបន្ថែមជាតិសុរា (៣) ស្រាវែមុត និងស្រាទំពាំងបាយជូរស្រស់ផ្សេងទៀតផ្សំពីរុក្ខជាតិ និងសារជាតិក្រអូប (៤) ភេសជ្ជៈមេរ័យផ្សេងទៀត លើកលែងតែទឹកត្នោតជូរ និងស្រាសដែលផលិតក្នុងស្រុកជាលក្ខណៈគ្រួសារ (៥) អាល់កុលអេទីលិកសុទ្ធដែលមានកម្រិតជាតិសុរាក្នុងឯកតាចំណុះពី ៨០% នៃចំណុះ ឬលើសពីនេះ និងអាល់កុលអេទីលិក និងភេសជ្ជៈមានជាតិសុរាដែលបាត់បង់កម្រិតសុរាដើមរបស់វា និង (៦) អាល់កុលអេទីលិកបាត់បង់ធាតុសុទ្ធដែលមានកម្រិតជាតិសុរាក្នុងឯកតាចំណុះ ៨០% នៃចំណុះ និងភេសជ្ជៈមានជាតិសុរា ភេសជ្ជៈស្រវឹងផ្សេងៗទៀត ការរៀបចំកែច្នៃសុរាផ្សំក្នុងប្រភេទដែលប្រើសម្រាប់ផលិតភេសជ្ជៈ។ ចំណែកឯ «បារី» សំដៅដល់ ផលិតផលសម្រាប់ជក់គ្រប់ប្រភេទដែលផលិតឡើងពីថ្នាំជក់ រួមបញ្ចូលទាំងបារីអគ្គិសនីគ្រប់ប្រភេទផងដែរ ។

ផ្អែកតាមប្រកាសខាងលើនេះដដែល អ្នកដែលមានកាតព្វកិច្ចត្រូវបង់អាករសម្រាប់បំភ្លឺសាធារណៈ គឺជាអ្នកផលិត អ្នកនាំចូល និងអ្នកផ្គត់ផ្គង់បន្ត នូវផលិតផលជាប់អាករ និង ត្រូវ បង់នៅ ពេលផ្គត់ផ្គង់ ឬ ផ្គត់ផ្គង់បន្ត ។ បន្ថែមពីនេះ អ្នកជាប់អាករ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់អាករសម្រាប់បំភ្លឺសាធារណៈជារៀងរាល់ខែ យ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលផលិតផលត្រូវបានផ្គត់ផ្គង់ ។
 
មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ ត្រូវបានកំណត់ដូចខាងក្រោម៖

*១. ចំពោះអ្នកផលិត និងអ្នកនាំចូល មូលដ្ឋានគិតអាករ គឺជាថ្លៃផ្គត់ផ្គង់ដែលត្រូវបានកត់ត្រាលើវិក្កយបត្រ រួមបញ្ចូលទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករសម្រាប់បំភ្លឺសាធារណៈខ្លួនឯង ។

*២. ចំពោះអ្នកផ្គត់ផ្គង់បន្ត មូលដ្ឋានគិតអាករស្មើនឹង ២០ ភាគរយ នៃថ្លៃផ្គត់ផ្គង់ដែលត្រូវបានកត់ត្រាលើវិក្កយបត្រ រួមបញ្ចូលទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករសម្រាប់បំភ្លឺសាធារណៈខ្លួនឯង ។

ដោយយោងតាមប្រកាសអន្តរក្រសួងលេខ ១៧៥ សហវ.ពដ.ប្រក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០២ ស្ដីពីការគ្រប់គ្រង និងប្រមូលអាករសម្រាប់បំភ្លឺសាធារណៈ របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាករសម្រាប់បំភ្លឺសាធារណៈត្រូវបានកំណត់តាមអត្រា ៣% (បីភាគរយ) ។

ដូចនេះ រូបមន្តនៃការគណនាអាករសម្រាប់បំភ្លឺសាធារណៈគឺ៖ អាករសម្រាប់បំភ្លឺសាធារណៈ = មូលដ្ឋានគិតអាករ x អត្រាអាករសម្រាប់បំភ្លឺសាធារណៈ (៣%) ។

បន្ថែមពីនេះផងដែរ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៤៨៦ អនក្រ.បក ស្ដីពីអាករសម្រាប់បំភ្លឺសាធារណៈ ដោយកំណត់អាករសម្រាប់បំភ្លឺសាធារណៈតាមអត្រា ៥% (ប្រាំភាគរយ) ដែលមានសុពលភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ។

សរុបសេចក្តីមក អាករបំភ្លឺសាធារណៈជាអាករមួយប្រភេទដែលបង្កើតឡើងដើម្បីជាប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិសម្រាប់បំភ្លឺផ្លូវសាធារណៈទូទាំងប្រទេស ។ អាករប្រភេទនេះត្រូវបានកំណត់លើគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់សុរាមេរ័យ (គ្រឿងស្រវឹង) និងបារី បន្ទាប់ពីបាននាំចូល ឬ ផលិតផលិតផលជាប់អាករ ក្នុងព្រះរាជាណាចក្រកម្ពុជា ។

រៀបរៀងដោយ៖ កញ្ញា គន្ធ វិជិតា ជាប្រធានផ្នែកសេវាកម្មច្បាប់ និងកញ្ញា សាន់ រតនា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥  ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com (http://www.ciclf.com/) ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕