(ភ្នំពេញ)៖ កីឡាករបាល់ទាត់កម្ពុជា ២រូប គឺ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី បានទទួលឱកាសចូលទស្សនា ទាំងការកម្ដៅសាច់ដុំ និងការប្រកួត ក៏ដូចជាស្វែងយល់ផ្ទាល់ពីការប្រកួតបាល់ទាត់នៅអឺរ៉ុប ក្នុងជំនួបដ៏ធំប្រចាំក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ដោយក្រុមកំពុងឡើងជើង Aston Villa បានយកឈ្នះក្រុមកាំភ្លើងធំ Arsenal ដោយលទ្ធផល ១-០ កាលពីយប់មិញ នៅកីឡដ្ឋាន Villa Park។

ការទទួលបានឱកាសដ៏ពិសេសនេះ បន្ទាប់ពីកីឡាករជម្រើសជាតិកម្ពុជាទាំងពីរ បានទទួលការអញ្ជើញដោយផ្ទាល់ពីក្លិប Aston Villa ដើម្បីចូលរួមទស្សនាការប្រកួតខាងលើ ដែលសម្របសម្រួលដោយលោក យ៉ង់ វិចិត្រ ខណៈបេសកកម្មនេះ គឺមានរយៈពេល ១សប្ដាហ៍ ចាប់ពីថ្ងៃទី៧-១៤ ខែធ្នូ ឆ្នាំ២០២៣។

អ្នកសម្របសម្រួលខាងលើ បានឲ្យដឹងថា «តបតាមការអញ្ជើញរបស់ក្លិប Aston Villa កីឡាករកម្ពុជាទាំង ២រូប(វឌ្ឍនាកា និង យ៉ាទី) បានធ្វើដំណើរទៅដល់កីឡដ្ឋាន Villa Park កាលពីយប់មិញ ហើយបានចូលទស្សនាដល់ទីលានផ្ទាល់ មើលកីឡាករកម្ដៅសាច់ដុំ សកម្មភាពប្រកួត និងស្វែងយល់ពីកម្រិតប្រកួត រវាងកីឡាករនៅតំបន់នៅអឺរ៉ុប ក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅកីឡដ្ឋានរបស់គេជាដើម»

បន្ទាប់ពីបញ្ចប់ទស្សនាការប្រកួតដ៏ធំនេះ នៅថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី១១-១២ ខែធ្នូនេះ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី នឹងត្រូវបានរៀបចំឲ្យជួបកីឡាករ ៣រូប ដែលកំពុងលេងឲ្យក្លិប Aston Villa និងមានការលេងប្រកួតប្រជែងបែងផ្លាស់ប្ដូរបទពិសោធន៍ និងបច្ចេកទេសគ្នាទៀតផង។ នេះគឺជាឱកាសមួយដ៏ល្អ សម្រាប់កីឡាករកម្ពុជា ក្នុងការផ្សារភ្ជាប់ជាមួយកីឡាករនៅអឺរ៉ុប និងផ្សព្វផ្សាយពីវិស័យកីឡាបាល់ទាត់កម្ពុជាផងដែរ។

គួរដឹងថា នេះជាលើកដំបូងហើយ ដែលក្លិប Aston Villa FC បានអញ្ជើញកីឡាករកម្ពុជា ទៅទស្សនកិច្ច និងទស្សនាការប្រកួតផ្ទាល់របស់ខ្លួន ក្នុងក្របខណ្ឌ English Premier League ហើយក្រៅពីកីឡាករកម្ពុជា ពួកគេក៏បានអញ្ជើញកីឡាករក្នុងតំបន់អាស៊ានមួយចំនួនផងដែរ ដូចជាវៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម៕