(ភ្នំពេញ)៖ ពានរង្វាន់ស្ថាប័ននវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ ២០២៣ នៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ត្រូវបានប្រគល់ទៅធនាគារ វីង សម្រាប់ផលិតផលកម្ចីឌីជីថលដែលបានប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (AI)។

វីងឌីជីថលឡូន ត្រូវបានធ្វើឲ្យមានការទទួលស្គាល់ថាធនាគារ វីង ជាស្ថាប័ននុវានវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាលើកទី ៩ សម្រាប់ឆ្នាំ ២០២៣ ដែលរៀបចំដោយបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានមានប្រសាសន៍ថា «ពានរង្វាន់នេះបានក្លាយជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីនវានវត្តន៍ឌីជីថល ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងភាពឆ្លាតវៃ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពន្លឿន និងបរិយាបន្នបរិកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ដូចគ្នានៅនឹងកម្មវិធីប្រគល់ពានរង្វាន់ដែលបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ យើងនឹងចែករំលែកវឌ្ឍនភាពនៃបរិកម្មឌីជីថល និងបង្ហាញពីគំនិតផ្តួចផ្តើមថ្មីៗសម្រាប់ឆ្នាំខាងមុខ ដែលអនុវត្តទៅតាមគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល»។​

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ ២០២៣ ជាព្រឹត្តិការណ៍លើកទី៩ ដែលជាកិច្ចខិតខំប្រឹងប្រែងបន្តក្នុងការផ្តល់នូវការទទួលស្គាល់សម្រាប់សមិទ្ធផលរបស់អង្គការ អាជីវកម្ម និងអាជីវកម្មថ្មី ដែលបានត្រួសត្រាយនូវផលិតផល ឬសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលរួមចំណែកយ៉ាងសំខាន់ដល់ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស។ បន្ទាប់ពីដំណើរការជ្រើសរើសយ៉ាងម៉ត់ចត់ដែលបានទទួលពាក្យសុំជាង៥០ និងត្រូវបានជ្រើសរើសចំនួន ២៩សម្រាប់វគ្គផ្តាច់ព្រ័ត្រ។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា «ផលិតផលកម្ចីឌីជីថលបានផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុភ្លាមៗ និងជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពសង្គម។ នៅក្នុងការធ្វើឲ្យប្រសើឡើងវិញក្រោយបរិបទសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា កម្ចីឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យរូបវន្តបុគ្គល និងសហគ្រាសធុនតូច និងមធ្យមអាចយកឈ្នះលើការលំបាកផ្នែកហិរញ្ញវត្ថុ»

ធនាគារ វីង បានផ្តល់នូវសេវាកម្ចីឌីជីថលដំបូងគេបំផុត ដែលបានផ្តល់នូវដំណើរការស្នើសុំប្រាក់កម្ចីភ្លាមៗ ដោយមិនមានការរំខាន និងអាចធ្វើការស្នើសុំបានតាមរយៈកម្មវិធីទូរស័ព្ទដៃ។ អ្នកប្រើប្រាស់អាចស្នើសុំកម្ចីរហូតដល់ ៥០.០០០ដុល្លារ ជាមួយនឹងអត្រាការប្រាក់ទាបត្រឹមតែមួយភាគរយក្នុងមួយខែ និងលក្ខខណ្ឌកម្ចីរហូតដល់បីឆ្នាំ។ ដំណើរការស្នើសុំប្រាក់កម្ចីគឺមិនចាំបាច់ត្រូវការវត្ថុបញ្ចាំ អ្នកធានា ឬឯកសារដែលធ្វើឲ្យមានភាពកាន់តែងាយស្រួលសម្រាប់អតិថិជនដែលមានសក្តានុពលសម្រាប់កម្ចី។

លោក ឌឿក តារាវុធ នាយកគ្រប់គ្រងអាជីវកម្មប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល នៃធនាគារ វីង  មានប្រសាសន៍ថា «ពានរង្វាន់នេះ បានពង្រឹងទៅលើភាពជឿជាក់របស់យើងខ្ញុំក្នុងការផ្តល់សេវាកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិត គឺអាចជួយជំរុញឲ្យមានបរិយាបន្នហិរញ្ញវត្ថុ និងផ្តល់សិទ្ធអំណាចដល់សហគមន៍។ ជាមួយនឹងកម្ចីឌីជីថលនេះ យើងខ្ញុំបានជំនះលើឧបសគ្គ និងជំរុញវប្បធម៌នៃការធ្វើបរិយាបន្នហិរញ្ញវត្ថុ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទូរសព្ទឆ្លាត់វៃ និងអ៊ីនធឺណិតអាចទទួលបាននូវហិរញ្ញវត្ថុទៅតាមតម្រូវការផ្ទាល់ខ្លួន និងអាជីវកម្ម»

គំនិតផ្តួចផ្តើមនៃវីងឌីជីថលឡូនបានកាត់បន្ថយទៅលើការចំណាយសម្រាប់ការវាយតម្លៃប្រាក់កម្ចី និងពេលវេលាអនុម័តយ៉ាងច្រើន ដែលជួយឲ្យការទទួលបានហិរញ្ញវត្ថុកាន់តែមានភាពរហ័ស។ ធនាគារ វីង បានបង្ហាញពីដំណើរការកម្ចីឌីជីថល ដែលចំណាយពេលតិចជាង ២នាទី ក្នុងការដាក់ពាក្យ ១នាទីក្នុងការសម្រេចចិត្ត និង ០វិនាទីក្នុងការទទួលប្រាក់កម្ចី។

តាមរយៈការផ្តល់វេទិកាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ ធនាគារ វីង បានចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយធានាបាននូវនិរន្តរភាពអាជីវកម្ម និងកាត់បន្ថយការចំណាយលើការដំណើរការកម្ចី៕