(អាមេរិក)៖ បើយោងតាមតារាងចុងឆ្នាំ២០២៣ របស់ Pollstar បានឲ្យដឹងថា «Eras Tour» របស់តារាចម្រៀងទឹកមុខសិចស៉ី Taylor Swift ក្លាយជាការប្រគំតន្ត្រីទេសចរណ៍ដំបូងគេ រកចំណូលបានជាង១ពាន់លានដុល្លារអាមេរិក។ ការប្រគំតន្ត្រីនេះ មិនត្រឹមតែជាការនាំភាពល្បីល្បាញ និងមុខមាត់ជូន Taylor Swift ដែលបានក្លាយជាការប្រគំតន្ត្រីជាប់លំដាប់លេខ១នៅទូទាំងពិភពលោក និងនៅអាមេរិកខាងជើងប៉ុណ្ណោះទេ ប៉ុន្តែពេលនេះ គឺបាននាំមកនូវចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ជាង១ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

ទិន្នន័យ Pollstar ត្រូវបានទាញចេញពីរបាយការណ៍លក់សំបុត្រ ការប៉ាន់ស្មានសមត្ថភាពទីកន្លែង ទិន្នន័យលក់សំបុត្រ និងការស្រាវជ្រាវដែលមិនបានកំណត់ផ្សេងទៀត ដែលប្រមូលបានពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការប្រគំតន្ត្រីរបស់នាង បានកើនឡើង៤៦ភាគរយធៀបនឹងឆ្នាំមុន ដោយនាំមកនូវប្រាក់ចំណូលចំនួន ៩.១៧ ពាន់លានដុល្លារអាមេរិក និងចំណូលបន្តបន្ទាប់ សរុបជាង១ពាន់លានដុល្លារ។  យោងតាមការប៉ាន់ស្មានរបស់ Pollstar ព្យាករណ៍ថាក្នុងឆ្នាំ២០២៤ Eras Tour នឹងកើនឡើងដល់១ពាន់លានដុល្លារជាថ្មីម្តងទៀតដែលមានន័យថា Swift ទំនងជាអាចរកចំណូលបានជាង២ពាន់លានដុល្លារក្នុងរយៈពេលនៃដំណើរកម្សាន្ត។

គួរជម្រាបថា នៅដើមសប្តាហ៍នេះ Swift ត្រូវបានតែងតាំងជា «បុគ្គលឆ្នើមប្រចាំឆ្នាំ» ដោយទស្សនាវដ្តី Time ។ កាលពីខែមុន Apple Music បានដាក់ឈ្មោះនាងថាជា «សិល្បករប្រចាំឆ្នាំ» ខណៈ Spotify បានបង្ហាញថានាងជាសិល្បករដែលមានអ្នកចូលមើលច្រើនបំផុតនៅឆ្នាំ ២០២៣ នៅទូទាំងពិភពលោក ដោយមានការ Streams ផ្សាយជាង ២៦.១ពាន់លានដងចាប់តាំងពីថ្ងៃទី០១ ខែមករា និងបានបំបែកឯតទគ្គកម្មរយៈពេលបីឆ្នាំ របស់ Bad Bunny៕