(ឡុងដ៍)៖ អ្នកចាត់ការក្លិប Manchester United លោក Erik ten Hag និងខ្សែការពារ Harry Maguire បានឈ្នះពានរង្វាន់ជាអ្នកចាត់ការឆ្នើម និងកីឡាករឆ្នើមប្រចាំខែវិច្ឆិកានេះ នៅលីគកំពូលអង់គ្លេស Premier League ហើយជាលើកទី៣ របស់លោក Erik ten Hag ជាមួយនឹងកីឡាករ Alejandro Garnacho ឈ្នះពានគ្រាប់បាល់ល្អ។ បើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

ស្ថិតិការប្រកួតរបស់ក្លិប Man United បានលេងចាញ់ ៤ប្រកួតក្នុងចំណោម ៧ប្រកួតដំបូង ក្នុងលីគកំពូលនារដូវកាលនេះ ប៉ុន្តែឥឡូវនេះ ពួកគេបានហក់ឡើងមកចំណាត់ថ្នាក់ទី៦ ក្នុងតារាងលីគ Premier League ខណៈរកបានជ័យជម្នះ ៣ប្រកួតចុងក្រោយក្នុងខែវិច្ឆិកានេះ ទៅលើក្រុម Fulham, Luton Town និងក្លិប Everton ដែលនាំឱ្យរកបាន ២៧ពិន្ទុបណ្តោះអាសន្ន។

ដោយឡែកខ្សែការពារកណ្តាល Harry Maguire ដែលបានតស៊ូជាមួយនឹងពេលវេលាដ៏លំបាក នៃការប្រកួត នៅពេលចាប់ផ្តើមរដូវកាលនេះនោះ បានលេងគ្រប់នាទីទាំងអស់ ក្នុងការប្រកួតដែលលេងឈ្នះទាំង ៣ប្រកួតខាងលើក នាំឱ្យក្លាយជាខ្សែការពារក្លិប Man United ដំបូងគេ ដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែក្នុងលីគអង់គ្លេស គិតចាប់តាំងពីកីឡាករ Nemanja Vidic បានឈ្នះពាននេះ កាលពីខែមករា ឆ្នាំ២០០៩។

ដ្បិត Maguire ត្រូវបានដកចេញពីតំណែងប្រធានក្រុម Man United ដោយលោក Ten Hag កាលពីខែកក្កដា ហើយក៏បានរបាយការណ៍អំពីការគ្រោងនឹងផ្លាស់ចេញពីកីឡដ្ឋាន Old Trafford មុនពេលចាប់ផ្តើមរដូវកាលនេះផងដែរ។

សូមជម្រាបថា ក្លិប Man United បានបញ្ចប់នៅចំណាត់ថ្នាក់ទី៨ ក្នុងខែតុលា នៅលីគ Premier League បន្ទាប់ពីបរាជ័យ ៣-០ ក្រោមថ្វីជើងក្លិប Manchester City នារដូវកាលនេះ។

ប៉ុន្តែលោក Ten Hag ដែលជាអ្នកចាត់ការបានឈ្នះពានរង្វាន់ ជាអ្នកចាត់ការឆ្នើមប្រចាំខែ ជាលើកទី៣ ក្នុងលីគ Premier League នេះ បានដឹកនាំក្លិបឡើងទៅកាន់ចំណាត់ថ្នាក់ទី៦ ដោយមាន ៩ពិន្ទុ តាមពីក្រោយក្លិបនាំមុខ Arsenal ខណៈដែលពួកគេនិងប៉ះក្រុម Bournemouth នៃសប្តាហ៍ទី១៦៕