(ម៉ូស្គូ)៖ អត្តពលិករុស្ស៊ី និងបេឡារុស្ស ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ព្រឹត្តិការណ៍ Paris 2024 Olympic Games នឹងអនុញ្ញាតឱ្យចូលរួមប្រកួត ក្នុងនាមអព្យាក្រឹត។ នេះបើតាមការបញ្ជាក់ ពីគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

លក្ខខណ្ឌនៃការដាក់បញ្ចូលពួកគេក្នុងការប្រកួតនេះ ដោយធ្វើការប្រកួតដោយគ្មានទង់ជាតិ, និមិត្តសញ្ញា ឬក៏ភ្លេងជាតិរបស់ពួកគេនោះឡើយ បន្ទាប់ពីអត្តពលិកមកពីប្រទេសទាំងពីរ ត្រូវបានហាមឃាត់ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

ជាមួយគ្នានោះ ប្រទេសអ៊ុយក្រែន បានគំរាមមិនចូលរួមប្រកួតក្នុងព្រឹត្តការណ៍នេះ ប្រសិនបើការហាមឃាត់ មិនត្រូវបានគេធ្វើឡើងនោះ ខណៈការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីសហព័ន្ធកីឡាអូឡាំពិក បានស្នើសុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កាលពីដើមសប្តាហ៍នេះ ដើម្បីអនុញ្ញាតឱ្យអត្តពលិករុស្សី និងបេឡារុស្ស អាចចូលរួមប្រកួត ក្នុងនាមជាអព្យាក្រឹត ក្នុងព្រឹត្តិការណ៍ដែលនឹងធ្វើឡើងនៅទីក្រុង Paris ប្រទេសបារាំង។

សូមជម្រាបថា ព្រឹត្តិការណ៍ Paris 2024 Olympic Games នឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕