(កូរ៉េ)៖ Jisoo សមាជិកក្រុម Blackpink បានបង្ហោះលើបណ្តាញសង្គម ពីរូបថតជុំគ្នាជាក្រុមយ៉ាងសប្បាយរីករាយ ខណៈការបង្ហោះរូបរំឭកអតីតកាលនៅពេលនេះ គឺបន្ទាប់ពីសមាជិកក្រុមទាំងអស់ បានសម្រេចចិត្តរួមគ្នា បន្តកុងត្រាថ្មីជាមួយនឹងផលិតកម្ម YG Entertainment។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

តារាចម្រៀងវ័យ២៨ឆ្នាំរូបនេះ បានបង្ហោះនៅលើ Instagram Stories កាលពីថ្ងៃទី០៦ខែធ្នូ នូវរូបថតនៃការលោតរបស់សមាជិកក្រុម រួមមានJennie, Rose និង Lisa ដែលជាសមាជិកបីនាក់ផ្សេងទៀតរបស់ Blackpink ព្រមទាំងបាន tag គណនីផ្លូវការរបស់ក្រុមផងដែរ។ រូបថតនេះត្រូវបានគេនិយាយថា ជាការថតរូបជាក្រុមដំបូងរបស់ Blackpink ជាមួយផលិតកម្ម YG Entertainment បន្ទាប់ពីដឹងថា ពួកគេនឹងបង្ហាញខ្លួនជាក្រុម។ រូបថតនេះ ត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ក្រុមនៅក្នុងខែកក្កដា ឆ្នាំ ២០១៦ ហើយត្រូវបានគេរាយការណ៍ថា ថតនៅក្នុងស្ទូឌីយោថតសំឡេងរបស់ Blackpink។

គួរជម្រាបថា YG ដែលជាតំណាងផលិតកម្មគ្រប់គ្រងក្រុម Blackpink ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេកាលពីប្រាំពីរឆ្នាំមុន បានប្រកាសនៅថ្ងៃទី០៦ ខែធ្នូ ថាសមាជិកទាំងបួនបានបន្តកិច្ចសន្យារបស់ពួកគេសម្រាប់ «សកម្មភាពក្រុម» ជាមួយទីភ្នាក់ងារជាផ្លូវការហើយ។ ទោះជាយ៉ាងណាក៏ដោយ ផលិតកកម្មនេះកំពុងតែបន្តការចរចាលើកិច្ចសន្យាបុគ្គលផ្តាច់មុខរបស់សមាជិកម្នាក់ៗផងដែរ៕