(ប្រេស៊ីល)៖ អតីតក្លិបរបស់វីរបុរសប្រេស៊ីល លោក Pele ក្លិប Santos FC ដែលមានអាយុកាល ១១១ឆ្នាំ បានត្រូវបានកាត់ចេញពីលីគកំពូលប្រេស៊ីល Brazil Serie A នៅរដូវកាលក្រោយ បន្ទាប់ពីបញ្ចប់នៅលេខរៀងទី១៧ ក្នុងការប្រជែងលីគរដូវកាលនេះ ហើយនេះជាលើកទី១ ដោយត្រូវកាត់ចេញពីលីគកំពូលក្នុងប្រវត្តិសាស្ត្រ។

Santos FC បានជ្រុះចេញពីលីគ ដោយគ្មានគ្រូបង្វឹកពេញសិទ្ធនោះទេ តែបានស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្ន លោក Marcelo Fernandes ហើយក្រោមការដឹកនាំរបស់លោកចំណោម ១៥ប្រកួត យកបានលទ្ធផលឈ្នះតែ ៦លើក និងចាញ់ ៥លើក គិតចាប់ពីលោកបានចូលកាន់តួនាទីនេះកាលពីខែកញ្ញា បន្តពីលោក Paulo Turra ដែលបានបញ្ចប់កិច្ចសន្យានាឆ្នាំ២០២៣នេះ។

ចំណោម ៣៨ប្រកួតក្នុងលីគ Seire A រដូវកាលនេះ ក្លិប Santos FC លេងបានឈ្នះតែ ១១លើកប៉ុណ្ណោះ ហើយចាញ់ ១៧លើក រកបានតែ ៤៣ពិន្ទុ ឈរលេខរៀងទី១៧ ស្ថិតក្នុងលក្ខខណ្ឌបន្ទាត់ក្រហម (Relegation) ត្រូវកាត់ចេញទៅលេងពីលីគទី២ Serie B នាមជាក្រុមឈ្នះពានលីគកំពូល ៨លើកឈរលេខ២ ដោយមានក្រុម Palmeiras ឈ្នះ ១២ដងច្រើនជាងគេ និងជាជើងឯករដូវកាល២០២៣នេះ។

បញ្ជាក់ផងថា ក្លិប Santos FC បានឈ្នះពាន Brazil Serie A លើកចុងក្រោយនៅរដូវកាល ២០០៤ ដ្បិតការ ១ប្រកួតចុងក្រោយនារដូវកាលនេះ លេងចាញ់ក្រុម Fortaleza ១-២ ក្នុងការប្រដេញពិន្ទុជាមួយក្លិបឈរលេខ១៦ Bahia ដែលរកបាន ៤៤ពិន្ទុនោះ ហើយក្រុម Flamengo និង Sao Paulo ក្លាយជាក្រុមតែ ២គត់ ដែលមិនទាន់ធ្លាប់កាត់ចេញពីលីគកំពូលប្រេស៊ីល៕