(ស៊ីដនី)៖ អតីតកីឡាករវាយកូនបាល់ទោលលំដាប់លេខ១ ពិភពលោក Rafael Nadal មានឈ្មោះក្នុងការប្រកួតពាន រង្វាន់ Australian Open 2024 នៅប្រទេសអូស្ត្រាលី ក្រោយពេលអវត្តមានពីទីលានជិត ១ឆ្នាំមកនេះ ដោយសារតែបញ្ហារបួសត្រគាក។

កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ ៣៧ឆ្នាំខាងលើនេះ បានរងរបួសត្រគាក កាលពីអំឡុងប្រកួតក្នុងកម្មវិធី Australian Open ឆ្នាំទៅ មុនពេលថ្មីៗនេះ រូបលោកបានប្រកាសពីការវិលចូលទីលានវិញ នៅពេលកម្មវិធីធំក្នុងកម្រិត Grand Slam មួយនេះនឹងចាប់ផ្តើមនាខែមករា ឆ្នាំ២០២៤ នៅទីក្រុង Brisbane។

នេះមានន័យថា Nadal ដែលធ្លាប់ឈ្នះ Australian Open បាន ២ដងដែរនោះ នឹងត្រូវប្រជែងទល់នឹងម្ចាស់ការពារជើងឯក Novak Djokovic ដែលធ្លាប់ឈ្នះពាននេះបាន ១១លើក ក្នុងចំណោមពានសរុបមានដល់ទៅ ២៥លើកផងដែរក្នុងកម្រិត Grand Slam មួយនេះ។

Australian Open 2024 នឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមករា និងបញ្ចប់ទៅវិញនាថ្ងៃទី២៨ ខែដដែលសម្រាប់វិញ្ញាសាវាយទោលផ្នែកបុរស៕