(បរទេស)៖ ទីផ្សារស្មាតហ្វូនអេក្រង់បត់សរុបក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣ នេះត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះចំនួនលក់ខ្ទង់ ៣៥ភាគរយឯណោះ បើធៀបទៅនឹងត្រីមាសទី៣ កន្លងទៅនេះ។ ទាំងនេះ គឺដោយសារតែចំនួនលក់របស់ Samsung ទទួលបានទាបជាងការរំពឹងទុក រួមទាំងការពន្យាពេលមួយចំនួនក្នុងការចេញលក់ផលិតផលថ្មីជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពពី DSCC បានឱ្យដឹងថា ក្រុមហ៊ុន Samsung កំពុងប្រឈមមុខនឹងការបាត់បង់ចំណែកទីផ្សារច្រើនជាងគេ ដោយបានធ្លាក់ចំនួននៃការលក់ស្មាតហ្វូនអេក្រង់បត់មកនៅសល់ត្រឹមតែ ៤២ភាគរយប៉ុណ្ណោះ ខណៈដែលចំនួនលក់កាលពីឆ្នាំមុនរកបានខ្ទង់ ៨៣ភាគរយ។

គិតមកដល់បច្ចុប្បន្ននេះឃើញថា ស្មាតហ្វូនអេក្រង់បត់កំពុងមានសន្ទុះខ្លាំង បើទោះបីទីផ្សារស្មាតហ្វូនអេក្រង់បត់សរុបសម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២៣ នេះបានធ្លាក់ចុះដោយសារតែការលក់របស់ Samsung ក៏ដោយ ក៏ប៉ុន្តែឃើញថា ក្រុមហ៊ុនផ្សេងទៀតកំពុងមានសន្ទុះ។ ក្នុងនោះរួមមាន ស្មាតហ្វូនអេក្រង់បត់ពីក្រុមហ៊ុន Huawei បានកើនឡើងដល់ ២១ភាគរយ និងតាមពីក្រោយដោយ Honor ខ្ទង់ ១៩ភាគរយ ខណៈការកើនឡើងនេះគឺ បានមកពីម៉ូដែល Mate X5 និង Honor Magic V2។

គួរជម្រាបដែរថា សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៣ នេះចំនួនលក់ស្មាតហ្វូនអេក្រង់បត់ត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល ២២ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២ ហើយននឹងកើនឡើងចំនួននាំចេញសរុប ១៥.៨លានគ្រឿងឯណោះគិតទាំង ៤ត្រីមាស៕