(ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានបន្ថែមមេដាយ ៨គ្រឿងទៀត នៅក្នុងការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ស្របពេលក្រុមអត្តពលិកវៀតណាម បានរក្សាភាពខ្លាំង ដោយដណ្ដើមបានមេដាយមាសស្ទើរគ្រប់វិញ្ញាសា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នេះ ។

សម្រាប់ការប្រកួតថ្ងៃទី២ នៃព្រឹត្តិការណ៍ប្រចាំតំបន់នេះ គឺផ្ដោតការប្រកួតលើប្រភេទអាយុក្រោម ២០ឆ្នាំ ដែលមានវិញ្ញាសាសរុបចំនួន ២៨ ។ ជាលទ្ធផលបច្ចេកទេស ក្រុមវៀតណាម ដណ្ដើមបានមេដាយមាស ២៧ ប្រាក់ ៤ និងសំរឹទ្ធ ១ គ្រាដែលហ្វីលីពីន ដណ្ដើមបានមេដាយមាស ១ ប្រាក់ ៧ និងសំរឹទ្ធ ៤ និងម្ចាស់ផ្ទះកម្ពុជា ឈ្នះមេដាយប្រាក់ ៦ និងសំរឹទ្ធ ២ ។

សរុបលទ្ធផលបណ្ដោះអាសន្ន បន្ទាប់ពីដំណើរការប្រកួត ២ថ្ងៃកន្លងមក ក្រុមអត្តពលិកវៀតណាម ដណ្ដើមបានមេដាយសរុប ៥៦គ្រឿង (មាស ៤៦, ប្រាក់ ៩ និងសំរឹទ្ធ) ឈរលេខ១ ខណៈថៃ បន្ដឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៩គ្រឿង (មាស ៣ ប្រាក់ ៨ និងសំរឹទ្ធ ៨) ។ រីឯហ្វីលីពីន បានឡើងមកឈរលេខ៣ ក្រោយដណ្ដើមបានមេដាយសរុប ២១គ្រឿង (មាស ១ ប្រាក់ ១៣ និងសំរឹទ្ធ ៧) ស្របពេលកម្ពុជា ធ្លាក់មកឈរលេខ៤ ដណ្ដើមបានមេដាយសរុប ២២គ្រឿង (មាស ១ ប្រាក់ ១២ និងសំរឹទ្ធ ៩) ។

សម្រាប់ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជានេះ ប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៩ ខែធ្នូ ដោយមានអត្តពលិកចូលរួមសរុប ២៧៦នាក់ មកពី ៨ប្រទេស ។ ការប្រកួតបែងចែកជា ៣ប្រភេទ គឺប្រភេទអាយុក្រោម ១៧ឆ្នាំ, អាយុក្រោម ២០ឆ្នាំ និងក្រុមធំ ចាប់ពីអាយុ ២០ឆ្នាំឡើង ។ នេះជាឆ្នាំទី២ ហើយ ដែលកម្ពុជាបានទទួលសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនេះ ក្រោយទទួលបានការស្នើសុំពីបណ្ដាប្រទេសក្នុងតំបន់។

សូមរំឮកថា កាលពីឆ្នាំ២០២២ ក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះ ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ១៩គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១៣) មុនកីឡាចំបាប់កម្ពុជា បានបង្កើតកំណត់ត្រាថ្មី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយដណ្ដើមបានមេដាយសរុប ២០គ្រឿង (មាស ៥ ប្រាក់ ៤ និងសំរឹទ្ធ ១១) ដែលជាការឈ្នះមេដាយច្រើនបំផុត ក្នុងប្រវត្តិសាស្ដ្រប្រកួតកីឡាស៊ីហ្គេមរបស់ខ្លួន៕