(ភ្នំពេញ)៖ ភាពយន្តបែបកំប្លែងស្ងួតថ្មីមួយ មានចំណងជើងថា «កំពូលកូន» បានសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅរោងភាពយន្ដ Major Cineplex ផ្សារទំនើបអ៊ីអន១ ខណៈអ្នកដឹកនាំសម្ដែង ក៏ដូចជាផលិតករក្នុងរឿង បានបង្ហាញនូវភាពជឿជាក់យ៉ាងខ្លាំងថា ភាពយន្តមួយនេះនឹងទទួលបានជោគជ័យ លើសពីការរំពឹងទុក ដោយសារតែស្នាដៃមានសាច់រឿងបែបកំប្លែងស្ងួត និងមនោសញ្ចេតនារបស់បងប្អូន ព្រមទាំងឆ្លុះបញ្ចាំងពីស្នេហាវ័យចំណាស់ថែមទៀតផង។

ខ្សែភាពយន្តខ្នាតធំរឿង «កំពូលកូន» ត្រូវបានផលិតកររំពឹងថា នឹងអាចកើបលុយបានច្រើនពីហ្វេនៗ បន្ទាប់ពីបានធ្វើពិធីបើកសម្ពោធជាផ្លូវការ និងប្រកាសចាក់បញ្ចាំងលក់សំបុត្រ ក្រោមមានវត្តមានសិល្បក-សិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើនចូលរួម។ រឿងនេះជាស្នាដៃទី២ របស់ផលិតកម្ម PDS បន្ទាប់ពីស្នាដៃទី១ គឺរឿង «ចំណងចងក» ទទួលបានការគាំទ្រខ្លាំង ពីទស្សនិកជនកាលដើមខែមេសា។

ថ្លែងប្រាប់ Fresh News Plus អគ្គនាយិកាក្រុមហ៊ុន PDS អ្នកស្រី ជុន សុធា បានប្រាប់ឲ្យដឹងថា ខ្សែភាពយន្តរឿង «កំពូលកូន» ជឿជាក់យ៉ាងខ្លាំងថា នឹងទទួលបានជោគជ័យ លើសពីការរំពឹទុក ដោយសារតែស្នាដៃមានសាច់រឿងបែបកំប្លែងស្ងួត និងមនោសញ្ចេតនារបស់បងប្អូន ព្រមទាំងឆ្លុះបញ្ចាំងពីស្នេហាវ័យចំណាស់។ ​ផលិតកម្ម PDS មានគោលដៅនាំមកជូនប្រិយមិត្ដនូវស្នាដៃថ្មីៗប្លែកៗ គួរជាទីចាប់អារម្មណ៍ ក្នុងរឿងនីមួយៗសម្រាប់ទស្សនិកជន។ អ្នកស្រីសង្ឃឹមថារឿង «កំពូលកូន» នឹងទទួលបានការគាំទ្រខ្លាំងដូចរឿង «ចំណងចងក» ដែរ ដ្បិតរឿងនេះបង្កប់នូវឈុតឆាកកំប្លែង និងមានតួសម្ដែងល្បីៗ ចូលរួមសម្ដែងជាមួយគ្នាច្រើន។

ខ្សែភាពយន្តខ្នាតធំរឿង «កំពូលកូន» គឺមានការចូលរួមសម្តែងដោយតារាល្បីៗដូចជា លោក ទេព រិន្ទដារ៉ូ, កញ្ញា ហេង ចន្ថា និងនាយ គ្រឿន ព្រមទាំងតារាល្បីៗផ្សេងៗទៀត។ រឿងនេះ ក៏មានការសន្និដ្ឋានដូចគ្នាផងដែរ ថា នឹងទទួលបានការគាំទ្រខ្លាំង ក្រោយពីដាក់លក់សំបុត្រផ្លូវការគ្រប់រោងភាពយន្ត។

សូមបញ្ជាក់ថារឿង «កំពូលកូន» ដែលក្រុមហ៊ុន PDS សហការជាមួយក្រុមហ៊ុន SABAY MVP នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅ។ រឿងនេះ គ្រាន់តែនៅក្នុងថ្ងៃបើកសម្ពោធ គេបានសង្កេតឃើញថា មានផលិតករ សិល្បករ-សិល្បការិនីល្បីៗ ព្រមទាំងភ្ញៀវជាតិ និងអន្ដជាតិយ៉ាងច្រើនកុះករ បានចូលរួមអបរសាទរ និងទស្សនាយ៉ាងសប្បាយរីករាយ សើចពេញរោងកុនតែម្ដង៕