(កូរ៉េ)៖ ផលិតកម្ម YG Entertainment បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ទាក់ទងនឹងព័ត៌មានលម្អិត អំពីការបន្តកិច្ចសន្យារបស់សមាជិក BLACKPINK ម្នាក់ៗ បន្ទាប់ពីកិច្ចសន្យាជាក្រុម បានចុះកិច្ចព្រមព្រៀងគ្នាជាស្ថាពរ។ ជាក់ស្តែងនៅដើមខែនេះ ពោលនៅពីថ្ងៃទី០៦ ខែធ្នូ ផលិតកម្ម YG Entertainment បានប្រកាសជាផ្លូវការថា សមាជិកទាំងបួននាក់របស់ BLACKPINK បានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខ សម្រាប់សកម្មភាពក្រុមជាមួយនឹងភ្នាក់ងារ តែយ៉ាងណាចំពោះកិច្ចសន្យាលក្ខណៈបុគ្គល ចំពោះសមាជិកម្នាក់ៗនៅមិនទាន់បានបង្ហាញទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។

ទោះជាយ៉ាងណាក៏ដោយ ភាពមិនច្បាស់លាស់នៅតែមាន ទាក់ទងនឹងកិច្ចសន្យាផ្តាច់មុខលក្ខណៈបុគ្គល សម្រាប់សមាជិក ហើយភាពជាក់លាក់នៃកាលវិភាគត្រឡប់មកវិញនាពេលខាងមុខ និងរយៈពេលនៃកិច្ចសន្យា នៅតែបន្តជាប្រធានបទក្តៅសម្រាប់អ្នកគាំទ្រ។ នៅថ្ងៃដដែល អ្នកតំណាងមកពី YG បានផ្តល់ព័ត៌មានជុំវិញរឿងនេះថា «វាពិបាកក្នុងការផ្តល់ព័ត៌មានលម្អិត ហើយបានសង្កត់ធ្ងន់ថា សម្រាប់ពេលនេះ សូមយោងទៅលើសេចក្តីថ្លែងការណ៍ផ្លូវការ ត្បិតកិច្ចសន្យាជាក្រុមបានបន្តឡើងវិញរួចរាល់ តែសម្រាប់កិច្ចសន្យាលក្ខណៈបុគ្គលកំពុងពិភាក្សារបន្ត»។

គួរជម្រាបថា កិច្ចសន្យាពីមុនរបស់ BLACKPINK ជាមួយផលិតកម្ម YG Entertainment បានផុតកំណត់នៅដើមខែសីហាកន្លងទៅ ខណៈពួកគេបានបន្តកិច្ចសន្យាថ្មីជាមួយផលិតកកម្មបន្តទៀត ដើម្បីបន្តសកម្មភាពជាក្រុម៕