(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានក្រើនរំឮកដល់អគ្គលេខាធិការថ្មីរបស់ខ្លួន ត្រូវផ្ដោតលើការងារសំខាន់ ៣ធំៗ ដើម្បីធានាបាននូវនិរន្ដរភាពការងារ និងការអភិវឌ្ឍ ទី១-ការងាររដ្ឋបាល ២-ការបណ្ដុះបណ្ដាល និងទី៣-ការរៀបចំការប្រកួតនានា ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងមហាសន្និបាតវិសាមញ្ញរបស់សហព័ន្ធ ស្ដីពីការផ្លាស់ប្ដូរសមាសភាពអគ្គលេខាធិការថ្មី នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នេះ ដោយអង្គមហាសន្និបាតបានបោះឆ្នោតតែងតាំងលោក នូ សុផល ជាអគ្គលេខាធិការ ជំនួសលោក ញឹម សាភ័ន្ដ ដែលបានលាឈប់ ព្រោះមានភារកិច្ចចាំបាច់មិនអាចបន្ដការងារបានទៀត ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា អគ្គលេខាធិការ គឺជាតួនាទីដ៏សំខាន់ ដើម្បីជំរុញសកម្មភាពគ្រប់សហព័ន្ធកីឡាជាតិ ពោលគឺអគ្គលេខាធិការ មានការទទួលខុសត្រូវធំជាងគេ ចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ។ ដូច្នេះប្រតិបត្តិការងារប្រចាំឆ្នាំ គឺជាភារកិច្ចរបស់អគ្គលេខាធិការ ដើម្បីធ្វើឲ្យសហព័ន្ធមានដំណើរការងារ តែបើអគ្គលេខាធិការ មិនសកម្មក្នុងការងារទេ នោះសហព័ន្ធក៏មិនដំណើរការដែរ ។

លោកថា «អគ្គលេខាធិការ ត្រូវរៀបចំផែនការប្រចាំឆ្នាំ ទាំងការងាររដ្ឋបាល ការងារបណ្ដុះបណ្ដាល និងការរៀបចំការប្រកួតជាដើម ព្រោះក្រោយជោគជ័យស៊ីហ្គេម សហព័ន្ធបានទទួលការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តសកម្មភាពការងារទាំងអស់នេះ ។ ហេតុនេះ អគ្គលេខាធិការ ត្រូវប្រើប្រាស់ថវិកាឲ្យបានត្រឹមត្រូវឲ្យស្របតាមសូចនាករ ដែលសហព័ន្ធចង់បាន»

លោកបន្ថែមថា អគ្គលេខាធិការសហព័ន្ធ ត្រូវពង្រឹងការផ្ទៃក្នុង ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីស្វែងរកការគាំទ្រផ្នែកបច្ចេកទេស និងការបណ្ដុះបណ្ដាលជាដើម ពិសេសរក្សាទំនាក់ទំនងជាមួយសហព័ន្ធកីឡាគ្រិកឃីតអន្ដរជាតិ ដើម្បីជំរុញការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន និងសម្រួលគោលដៅពីរ ទី១-ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងទី២-ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ។

បន្ទាប់ពីទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំ ក្នុងនាមអគ្គលេខាធិការថ្មី នៃសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា លោក នូ សុផល បានប្ដេជ្ញាអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ ដើម្បីជំរុញសកម្មភាព និងការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ក៏ដូចជារក្សាបាននូវសក្ដានុពល ដែលកីឡាគ្រិកឃីតកម្ពុជា ដណ្ដើមបានមេដាយមាស ៣ និងប្រាក់ ១ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា កាលពីថ្មីៗ ៕