(បាសេឡូណា)៖ អ្នកចាំទីក្លិបអ្នកមានបុណ្យ Barcelona និងក្រុមជម្រើសជាតិអាល្លឺម៉ង់ Marc Andre ter Stegen នឹងទទួលការវះកាត់ខ្នង។ នេះបើតាមកីឡាករវ័យ ៣១ឆ្នាំបានលើកឡើង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។
Ter Stegen បានខកខានការប្រកួតនាពេលថ្មីៗនេះរបស់ Barca បន្ទាប់ពីត្រូវបានដកឈ្មោះចេញពីការប្រកួតមិត្តភាពអន្តរជាតិរបស់អាល្លឺម៉ង់ ក្រោយរងរបួសក្នុងពេលហ្វឹកហាត់ជាមួយជម្រើសជាតិកាលពីខែមុន។
Barcelona មិនបានបង្ហាញពីពេលវេលានៃការវិលត្រឡប់មកវិញរបស់ Ter Stegen នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានចេញផ្សាយថា Ter Stegen អាចអវត្តមានជាច្រើនសប្តាហ៍ ហើយអាចនឹងខកខានការប្រកួត Champions League នៅខែកុម្ភៈខាងមុខផងដែរ។
អតីតអ្នកចាំទីក្លិប Borussia Moenchengladbach រូបនេះ បានបង្ហាញខ្លួន ១៧ប្រកួតសម្រាប់ក្លិប Barcelona ក្នុងរដូវកាលនេះ ដោយរក្សាសំណាញ់ទីចំនួន ៨ប្រកួតផងដែរ។
លោកបានទទួលពានរង្វាន់ Zamora Trophy កាលពីរដូវកាលមុន ជាអ្នកចាំទីល្អជាងគេបំផុតក្នុងលីគ La Liga ដោយរបូតគ្រាប់បាល់ត្រឹមតែ ១៨គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៣៧ប្រកួត ដោយជួយ Barca ឈ្នះពានរង្វាន់លីគជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩ មក៕