(ភ្នំពេញ)៖ មន្ដ្រីអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងនឹងបន្ដជួយឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាដ៏មានសក្ដានុពលរបស់កម្ពុជាមួយនេះឲ្យកាន់តែរីកចម្រើន និងឆ្ពោះទៅរកប្រជែងមេដាយលើឆាកអន្ដរជាតិបន្ថែមទៀត។

នេះបើតាមការបញ្ជាក់របស់លោក ហួរ សុមេធ អនុប្រធាននាយកដ្ឋានគយ និងរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋារកម្ពុជា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកីឡាជឺជីតស៊ូកម្រិតមូលដ្ឋាន កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោយដំណើរការសិក្សាទ្រឹស្ដីរយៈពេល ៣ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង រហូតដណ្ដើមបានសមិទ្ធផលជាច្រើន ពិសេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ផ្អែកលើសមិទ្ធផលទាំងអស់នេះ បានធ្វើឲ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានមោទនភាព និងរីករាយក្នុងការបន្ដជួយឧបត្ថម្ភគាំទ្រដល់សហព័ន្ធ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។

ឆ្លៀតឱកាសនោះ លោកបណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើ ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាជឺជីតស៊ូកម្ពុជា ជាក់ស្ដែងបន្ទាប់ពីការរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមលើកដំបូង កាលពីឆ្នាំ២០២២ បានផលិតនូវធនធានមនុស្សប្រកបដោយគុណវុឌ្ឍខ្ពស់សម្រាប់បម្រើដល់ការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ។

លោកថា វគ្គគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពមន្ដ្រីបច្ចេកទេស ទាំងអាជ្ញាកណ្ដាល-ចៅក្រម ដើម្បីកាត់សេចក្ដី និងដឹកនាំការប្រកួតលក្ខណៈជាតិ និងអន្ដរជាតិនានា ជាពិសេសការត្រៀមខ្លួនរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ លើសពីនេះ លោកក៏បានអំណរគុណក្រសួងអប់រំ យុវជន និងកីឡា ដែលបានគាំទ្រវគ្គបណ្ដុះបណ្ដាលនេះឡើង រួមទាំងអគ្គនាយកដ្ឋានគយ ដែលតែងឧបត្ថម្ភដល់សហព័ន្ធ និងបន្ដការគាំទ្រទៀតផងដែរ៕