(កូរ៉េ)៖ ផលិតកម្មកូរ៉េខាងត្បូង YG បានប្រកាសជាផ្លូវការថា សមាជិកទាំងអស់របស់ BLACKPINK បានបន្តកិច្ចសន្យាថ្មីជាមួយនឹង YG ជាផ្លូវការហើយ។ តែយ៉ាងណា អ្វីដែលគេចាប់អារម្មណ៍នោះ គឺគ្រាន់តែដំណឹងនេះបញ្ចេញមកភ្លាម ស្រាប់តែភាគហ៊ុនរបស់ YG ហក់ឡើងខ្លាំងមួយរំពេចតែម្តង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។ 

អស់រយៈពេលជាច្រើនខែមកនេះ មានការចុះផ្សាយថា សមាជិកមួយចំនួនរបស់ Blackpink នឹងមិនបន្តកិច្ចសន្យាជាមួយផលិតកម្មនោះទេ ដោយបានធ្វើឲ្យភាគហ៊ុនធ្លាក់ចុះជាបន្តបន្ទាប់។ តែយ៉ាងណា នៅពេលនេះ YG Entertainment បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជាមួយនឹងការជឿទុកចិត្តយ៉ាងខ្លាំង យើងបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខថ្មីមួយ សម្រាប់សកម្មភាពក្រុម បន្ទាប់ពីមានការពិភាក្សាយ៉ាងម៉ត់ចត់ជាមួយក្រុម Blackpink» ។

ផលិតកម្មកំពុងពិភាក្សាជាមួយក្រុម ដែលរួមមានសមាជិក Jennie, Lisa, Jisoo និង Rose ទាក់ទងនឹងកិច្ចសន្យាផ្តាច់មុខ សម្រាប់សកម្មភាពទោលរបស់ពួកគេ។ នេះបើតាមអ្វីដែល YG Entertainment បានប្រាប់រ៉យទ័រ។ ក្រោយការប្រកាសនេះ ភាគហ៊ុនរបស់ YG Entertainment បានកើនឡើងដល់ទៅ ២៩ភាគរយ ដែលកំពុងជួញដូរក្នុងកម្រិតខ្ពស់ ជាងបីសប្តាហ៍មកនេះ។

គួរជម្រាបថា Blackpink បានបង្កើតឯតទគ្គកម្ម Guinness កាលពីដើមឆ្នាំនេះ ក្រោយ Channel YouTube របស់ក្រុមហ៊ុននេះមាន Views ច្រើនបំផុត ដែលឥឡូវនេះមានអ្នក Subscrbers ជាង៩០លាននាក់៕