(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់ចក្រភពអង់គ្លេស Nothing Technology Limited បានជូនដំណឹងថា «នឹងមានអ្វីមួយមកដល់ក្នុងសប្តាហ៍នេះ»។ ខណៈសារជូនដំណឹងនេះ ត្រូវបានគេរំពឹងថា ទំនងជាការដាក់បង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីដែលមានឈ្មោះថា «Phone 2a» ខណៈអ្នកគាំទ្រជាច្រើនកំពុងតែរង់ចាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

ជាក់ស្តែងក្រុមហ៊ុន Nothing ធ្លាប់បានទម្លាយរូបភាពមួយចំនួនរបស់ Phone 2a អស់រយៈពេល ២ ទៅ ៣សប្តាហ៍រួចមកហើយ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់អំពីពេលវេលាដាក់បង្ហាញរូបរាងជាផ្លូវការនោះទេ។ យ៉ាងណាមិញស្របពេលដែល Nothing បង្ហោះសារថា «នឹងមានអ្វីមួយមកដល់ក្នុងសប្តាហ៍នេះ» បានធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនដាក់ការរំពឹងទុកទៅលើ Phone 2a តែម្តងដោយគិតថាមានតែស្មាតហ្វូនថ្មីរបស់គេតែប៉ុណ្ណោះ។

Phone 2a ត្រូវបានគេរំពឹងថា ជាកំណែដែលមានតម្លៃសរម្យជាងបើធៀបទៅនឹងម៉ូដែល Nothing Phone 2 បច្ចុប្បន្ននេះ។ តាមរយៈពាក្យចចាមអារ៉ាមកន្លមកបានឱ្យដឹងថា ស្មាតហ្វូនថ្មីនេះនឹងប្រើប្រាស់ប្រភេទេអេក្រង់ AMOLED ទំហំ ៦.៧អ៊ីង នឹងបំពាក់ដោយកាមេរ៉ាភ្លោះខាងក្រោយ រួមជាមួយនឹងបន្ទះឈីប Snapdragon 680 របស់ក្រុមហ៊ុន Qualcomm។ លើសនេះ Phone 2a នឹងចេញមកជាមួយនឹងកំណែ Nothing OS 2.5 ដោយផ្អែកលើ Android 14។

គួរជម្រាបដែរថា ចំពោះកាលបរិច្ឆេទចេញលក់ជាផ្លូវការនូវស្មាតហ្វូន Phone 2a នៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងចេញលក់ក្នុងប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះតែម្តង។ ខណៈតម្លៃវាទំនងជានឹងចេញលក់ក្រោម ៦០០ដុល្លារ៕