(ប៉ារីស)៖ គណៈកម្មាធិការអូឡាំពិកបារាំង បានស្នើដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ក្នុងការអនុញ្ញាតដល់ អត្តពលិករបស់ប្រទេសរុស្ស៊ី និងប៊ែលឡារុសចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅ ដែលធ្វើនៅទីក្រុងប៉ារីស នាឆ្នាំក្រោយនេះ ស្ថិតក្រោមទង់ជាតិអព្យាក្រិត្យ។

សំណើនេះដែរ ត្រូវបានដាក់ជូនទៅ IOC ក្នុងកិច្ចប្រជុំមួយរបស់អូឡាំពិក ដែលត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ នៅទីក្រុង Lausanne ប្រទេសស្វីស មុនពេលសេចក្តីសម្រេចចុងក្រោយ នឹងធ្វើឡើងនាខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំប្រតិបត្តិប្រចាំឆ្នាំរបស់ IOC។

នៅចាំបានថា IOC បានសម្រេចព្យួរបេក្ខភាពអត្តពលិករុស្ស៊ី និងប៊ែលឡារុស មិនឲ្យចូលរួមគ្រប់កម្មវិធីទាំងអស់ ក្រោយពេលមហាអំណាចរុស្ស៊ីបានលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែននាអំឡុងខែកុម្ភៈ ឆ្នាំ២០២២ មក ដែលរហូតមកទល់ពេលនេះ មិនទាន់បានបញ្ចប់នៅឡើយទេ។

Paris Olympics នឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី២៦ ខែកក្កដា និងបញ្ចប់ទៅវិញនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដែលមានប្រទេសបារាំងធ្វើម្ចាស់ផ្ទះ ពោលគឺក្រោយពេលចប់ព្រឹត្តិការណ៍បាល់ទាត់ Euro 2024 នៅអាល្លឺម៉ង់បាន ១២ថ្ងៃ៕