(ឡុងដ៍)៖ ក្លិបឈរបាតតារាងលីគអង់គ្លេស Premier League ក្រុម Sheffield United បានចែកផ្លូវគ្នា ជាមួយអ្នកចាត់ការ Paul Heckingbottom ក្នុងថ្ងៃអង្គារសប្តាហ៍នេះ ខណៈបានសម្រេចតែងតាំងអតីតអ្នកចាត់ការលោក Chris Wilder ក្នុងការវិលត្រឡប់មកដឹកនាំក្លិបនេះ ដើម្បីតស៊ូលេងនៅលីគ Premier League តទល់ទៅនឹងលក្ខខណ្ឌការកាត់ចោលសម្រាប់រដូវកាលក្រោយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

លោក Heckingbottom ជាអ្នកចាត់ការក្នុងលីគ Premier League ដំបូងគេ ដែលត្រូវបានដកចេញពីតំណែង ក្នុងរដូវកាលនេះ, បើទោះបីជាអ្នកចាត់ការ Julen Lopetegui បានចាកចេញពីក្លិប Wolverhampton Wanderers ត្រឹមរយៈពេល ៣ថ្ងៃ មុនពេលចាប់ផ្តើមរដូវកាលនេះ។

មួយប្រកួតដំបូងរបស់លោក Chris Wilder គឺស្ថិតក្នុងស្ថានភាពរៀបចំផែកការបច្ចេកទេសសម្រាប់ក្លិប ក្នុងការធ្វើម្ចាស់ផ្ទះលេងប៉ះក្រុម Liverpool នៅថ្ងៃទី៧ ខែធ្នូនេះ នៃសប្តាហ៏ទី១៥ របស់ពួកគេ។

លោក Wilder ក៏បានសម្រេចព្រមព្រៀងលើកិច្ចសន្យារយៈពេល ១៨ខែជាមួយ Sheffield United ដែលធ្លាប់ដឹកនាំក្រុមនេះ វិលត្រឡប់ឡើងទៅលេងនៅលីគ Premier League វិញ ក្នុងឆ្នាំ២០១៩ បន្ទាប់មកបានចាកចេញពីក្លិបនេះ ក្នុងឆ្នាំ២០២១។

សូមជម្រាបថា ក្លិប Sheffield កំពុងស្ថិតនៅបាតតារាងលីគ Premier League ដោយលេងឈ្នះត្រឹមតែ ១ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ និងមាន ៥ពិន្ទុ ពីលេងបាន ១៤ប្រកួតមកនេះជាបណ្តោះអាសន្ន៕