(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចកូរ៉េខាងត្បូង Samsung កំពុងតែត្រៀមខ្លួនក្នុងការដាក់បង្ហាញនូវកុំព្យូរទ័រយួរដៃ Galaxy Book 4 ថ្មីរបស់ខ្លួន ហើយគ្រោងនឹងធ្វើឡើងថ្ងៃទី១៥ ខែធ្នូសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ពី Yonhab News បានឱ្យដឹងថា Galaxy Book 4 នឹងត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធដំណើរការកុំព្យូទ័រយួដៃ Core Ulra «Meteor Lake» របស់ក្រុមហ៊ុន Intel ដែលវាកាន់តែមានសមត្ថភាពខ្លាំងជាងមុន។ លើសពីនេះទៅទៀត កុំព្យូទ័រយួរដៃថ្មីនេះត្រូវបានគេរំពឹងថា នឹងបញ្ចូលគំរូ AI របស់ Samsung ផ្ទាល់ដែលមានឈ្មោះថា Gauss ក្នុងគោលបំណងផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារឆ្លាតវៃ និងបង្កើនផលិតភាព។

តាមរយៈពាក្យចចាមអារ៉ាមកន្លងមក Galaxy Book 4 នឹងបំពាក់ដោយអេក្រង់ប្រភេទ OLED ទំហំ ១៦អ៊ីង ជាមួយនឹង refresh rate 120Hz គួបផ្សំជានឹងការបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core Ultra 7 ហើយនឹងមាន RAM ចាប់ពី ៣២ជីហ្គាបៃ (32GB) រហូតដល់ ១តេហ្គាបៃ (1TB)។

គួរជម្រាបដែរថា ទាំងនេះគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ ចំពោះលក្ខណៈពិសេសៗរបស់ Galaxy Book 4 នៅមិនទាន់មានការឱ្យដឹងនៅឡើយនោះទេ ខណៈពេលវេលាចេញលក់ទំនងជា Samsung នឹងប្រាប់តាមក្រោយ៕