(ភ្នំពេញ)៖ កម្ពុជានឹងបន្ដធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០៦-០៩ ខែធ្នូសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ តបតាមការស្នើសុំរបស់បណ្ដាប្រទេសក្នុងតំបន់ បន្ទាប់ពីមើលឃើញកម្ពុជាបានបំពេញតួនាទីយ៉ាងល្អ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនាពេលកន្លងមក ។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានថ្លែងក្នុងកិច្ចប្រជុំបច្ចេកទេសមុនការប្រកួតថា នេះជាឆ្នាំទី២ ហើយ ដែលកម្ពុជាបានទទួលសិទ្ធធ្វើម្ចាស់ផ្ទះកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ បន្ទាប់ពីរៀបចំលើកដំបូង កាលពីឆ្នាំ២០២២ មុនឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ កាលពីថ្មីៗ ។

លោកថា «បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ គេស្នើសុំកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះ បន្ទាប់ពីគេមើលឃើញកម្ពុជារៀបចំការប្រកួតល្អនាពេលកន្លងមក ។ អ៊ីចឹងទើបបណ្ដាប្រទេសក្នុងតំបន់ បានស្នើសុំរៀបចំជើងឯកនៅកម្ពុជា និងបានបោះឆ្នោតគាំទ្រខ្ញុំ ធ្វើជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ថែមទៀត ។ ដូច្នេះក្នុងនាមប្រធាន ខ្ញុំទទួលខុសត្រូវចូលរួម និងគាំទ្រការរៀបចំការប្រកួតនេះ» ។

ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំនេះ មានអត្តពលិក ២៧៦នាក់ មកពី ៨ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ វៀតណាម ឡាវ សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី ។ អ្វីដែលពិសេសឆ្នាំនេះ គឺមានបន្ថែមវិញ្ញាសាការប្រកួតយុវជនអាយុក្រោម ១៧ឆ្នាំ និងអាយុក្រោម ២០ឆ្នាំ ដែលជាឱកាសដ៏ល្អ សម្រាប់សហព័ន្ធកីឡាចំបាប់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍគុណផលកីឡាករ-កីឡាការិនីវ័យក្មេងរបស់ខ្លួន ឆ្ពោះទៅរកការប្រកួតអន្ដរជាតិនានា ។

លោក ខេស៊ី បន្ដថា «បន្ទាប់ពីការខំប្រឹងហ្វឹកហាត់ច្រើនឆ្នាំ សម្រាប់ប្រកួតប្រជែងក្នុងស៊ីហ្គេម យើងចង់បន្ដអភិវឌ្ឍន៍កីឡាករ-កីឡាការិនីកម្ពុជា និងរក្សានូវគុណភាពពួកគេឲ្យកើនឡើងរៀងរាល់ឆ្នាំ ។ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា យើងមានគោលដៅសំខាន់ ២ ក្នុងការប្រកួតនេះ ទី១-ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ គឺយើងចង់ឈ្នះមេដាយកាន់តែច្រើន និងទី២-ត្រៀមឆ្ពោះទៅរកការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ» ។

សូមរំឮកថា កាលពីឆ្នាំ២០២២ ក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះ ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ១៩គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១៣) មុនកីឡាចំបាប់កម្ពុជា បានបង្កើតកំណត់ត្រាថ្មី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ក្រោយដណ្ដើមបានមេដាយសរុប ២០គ្រឿង (មាស ៥ ប្រាក់ ៤ និងសំរឹទ្ធ ១១) ដែលជាការឈ្នះមេដាយច្រើនបំផុត ក្នុងប្រវត្តិសាស្ដ្រប្រកួតកីឡាស៊ីហ្គេមរបស់ខ្លួន ៕