(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា ស្ថិតក្នុមលីគខេមបូឌានព្រីមៀរលីគ Cambodia Premier League បានប្រកាសចែកផ្លូវជាមួយគ្រូបង្វឹកលោក Simon Mcmenemy បន្ទាប់ពីបុរសជនជាតិស្កុតឡេនរូបនេះ ដឹកនាំក្រុមមិនសូវសមប្រកបក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ។

មុនឈានដល់ការព្រមព្រៀងចែកផ្លូវគ្នានេះ លោក Simon បានដឹកនាំក្រុមវិសាខា ដែលជាក្រុមសម្បូរដោយធនធានកីឡាករជម្រើសជាតិចំនួន ១៣ប្រកួត រកបានលទ្ធផលឈ្នះ ៧ ស្មើ ២ និងចាញ់ ៣ប្រកួត ខណៈប្រកួតចុងក្រោយលេងស្មើជាមួយក្រុមទើបឡើងមកពីលីគទី២ ISI ដង្កោសែនជ័យ ១-១ កាលពីចុងសប្ដាហ៍កន្លងទៅ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមកំពុងឈរលេខ៣ នៃលីគកំពូលកម្ពុជា នៅរសៀលថ្ងៃអង្គារនេះ បានបញ្ជាក់ថា «ពួកយើងបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយលោក Simon Mcmenemy ជាផ្លូវការហើយ ក្រោយមានការព្រមព្រៀងគ្នារវាងភាគីទាំងពីរ, តាងនាមគ្រួសារបាល់ទាត់ វិសាខា សូមអរគុណលោក Simon សម្រាប់ការខិតខំប្រឹងប្រែងរួមចំណែកដឹកនាំក្រុមនាពេលកន្លងមក និងសូមជូនពរលោក ជួបតែសំណាងល្អ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងអាជីពនាថ្ងៃអនាគត» ។

គួរដឹងថា មុនឈានជើងមកដឹកនាំក្រុមវិសាខា បុរសវ័យ ៤៥ឆ្នាំខាងលើ មានបទពិសោធន៍ជោគជាំជាមួយក្រុមមួយចំនួន នៅអាស៊ាន ដោយលោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិហ្វីលីពីន, ក្រុម Long An FC (លីកទី២) របស់វៀតណាម, ក្រុម PS Mitra Kukar (លីគទី៣) របស់ឥណ្ឌូនេស៊ី និងក្រុម Madura United (លីគកំពូល) របស់ឥណ្ឌូនេស៊ី, ក្រុម Loyota (អតីតក្រុមលីគកំពូលហ្វីលីពីន) និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីជាដើម៕