(ឡុងដ៏)៖ អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានបំណងចង់ឱ្យអ្នកចាំទី Aaron Ramsdale បន្តស្នាក់នៅជាមួយក្លិបជាបន្តទៀត បើទោះបីនៅពេលនេះរូបគេបានបាត់បង់កៅអីនៅជម្រើសទី១ សម្រាប់ក្រុម ដែលធ្លាក់ទៅកាន់កីឡាករ David Raya ក៏ដោយ។

អ្នកចាត់ការក្រុមកំពុងឈរលេខ១ ក្នុងលីគ Premier League រដូវកាលនេះ លោក Mikel Arteta បានលើកឡើងថា «ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលមានអ្នកចាំទីល្អពីរនាក់ ហើយមាន Aaron កំពុងស្នាក់នៅជាមួយ យើងចង់ឱ្យកាន់តែប្រសើរ ដូច្នេះយើងចង់បន្ថែមនៅអ្វីដែលកំពុងមាននេះ»។

ក្នុងនៅរដូវកាលនេះ Aaron Ramsdale តែងតែអង្គុយកៅអីបម្រុង ដែលទើបលេងបាន ៨ប្រកួត ឈរជាអ្នកចាំទីជម្រើសទី២ សម្រាប់កាំភ្លើងធំនាពេលនេះ ហើយក៏ក្លាយជាគោលដៅរបស់ក្លិប Newcastle United ផងដែរ ខណៈកាលពីររដូវកាល២០២២-២៣ រូបគេបានលេងសរុប ៣៨ប្រកួត ក្នុងរដូវកាលដែល Arsenal ប្រជែងដណ្តើមបានលីគជាមួយ Manchester City។

Aaron Ramsdale បានចាប់ផ្តើមជម្រើសដំបូងលេងបានតែ ៤លើកប៉ុណ្ណោះ ហើយតំណែងនេះបានធ្លាក់ទៅលើ David Raya ដែលមានការពេញចិត្តដាក់ឱ្យចូលចាប់ កាលពីជំនួបប៉ះក្រុម Everton កាលពីខែកញ្ញាកន្លងទៅ ហើយបានបន្តឈរនៅជម្រើសដំបូងមកដល់ពេលនេះ។

បច្ចុប្បន្នជម្រើសដំបូងរបស់ក្លិប Arsenal បានធ្លាក់ទៅកាន់ David Raya នាមជាកីឡាករលេងក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបរួមលីគ Brentford ដោយគិតមកដល់ពេលនេះរូបគេលេងបាន ១៤ប្រកួតសរុបជាបណ្តោះអាសន្ន។

របាយការណ៍នៅពេលនេះ ក៏បានបង្ហាញថា អ្នកចាត់ការក្លិប Newcastle United លោក Eddie Howe ដែលធ្លាប់នាំយក Ramsdale កាលពីនៅដឹកនាំក្រុម Bournemouth នោះ ត្រូវបានគេរាយការណ៍ថា មានការតាមដានទៅលើ Ramsdale ដែលនិងមានការដេញថ្លៃដ៏សក្តានុពលនៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខនេះ ខណៈអ្នកចាំទី Nick Pope ជួបបញ្ហារបួសស្មានៅជំនួបប៉ះក្រុម Manchester United ដែលយកបានជ័យជម្នះ ១-០ ពីការប្រជែងលីគ។

រំលឹកផងថា Aaron Ramsdale បានចូលមកកាន់ក្លិប Arsenal នៅរដូវកាល២០២១-២២ ស្ថិតក្នុងផ្ទេរមានកិច្ចសន្យារយៈពេលវែង ដ្បិតក្លិបមិនបានបង្ហាញនៅតម្លៃផ្ទេរនេះនោះទេ តែប្រភពសារព័ត៌មាន Sky Sport បង្ហាញថា ស្ថិតក្នុងតម្លៃអាចឈានដល់ ៣០លានផោន បូកជាមួយកម្មវិធីបន្ថែមបើសិនជារូបគេមានទម្រង់លេងជាប់ជម្រើសទី១ ក្នុងរយៈពេលវែង៕