(បរទេស)៖ ក្រុមហ៊ុន Huawei បានប្រកាសជាផ្លូវការថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលនៅថ្ងៃទី១២ ខែធ្នូខាងមុខនេះនៅក្នុងទីក្រុងឌូបៃ។ ខណៈព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថានឹងឃើញការចេញលក់ថេប្លេត MatePad ថ្មីបំផុតរបស់ក្រុមហ៊ុន ក៏ដូចជាផលិតផលផ្សេងៗជាច្រើនទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GMSArena នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈការបង្ហោះរូបភាព Teaser របស់ Huawei ឃើញមានផលិតផលថ្មីចំនួនពីរម៉ូដែលដែលគួរឱ្យចាប់អារម្មណ៍ ដោយក្នុងនោះប៉ែកខាងឆ្វេងផ្នែកខាងក្រោមឃើញមានរូបភាពថេប្លេត និងប៉ែកខាងស្តាំផ្នែកខាងលើគឺជារូបភាពកាសក្តោបត្រចៀក។ ក្រៅពីនេះត្រូវបានគេរំពឹងថា ថាមានផលិតផលស្មាតហ្វូនថ្មី កុំព្យូទ័រយួរដៃ នាឡិកា និងឧបករណ៍ប្រើប្រាស់ផ្សេងទៀត។

យ៉ាងណាមិញផលិតផលថ្មីដែលត្រូវបានគេរំពឹងទុកខ្លាំងបំផុតថានឹងចេញលក់នៅសប្តាហ៍ក្រោយនោះគឺជា ប្រភេទថេប្លេត MatePad ដែលជាផលិតផលថ្មីរបស់ Huawei។ ប៉ុន្តែនៅមិនទាន់អាចទាយដឹងបាននៅឡើយទេថាតើ Huawei នឹងប្រកាសបង្ហាញ MatePad Pro ទំហំ ១៣.២អ៊ីង ឬ MatePad Pro ទំហំ ១១អ៊ីងមកមុន។

គួរជម្រាបដែរថា ព្រឹត្តិការណ៍នេះទំនងជានឹងមានការផ្សាយផ្ទាល់នៅលើគេហទំព័រ និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Huawei ផ្ទាល់តែម្តង ដូច្នេះដើម្បីដឹងអំពីផលិតផលលម្អិតអាចធ្វើការតាមដាននៅលើគេហទំព័រផ្លូវការរបស់ Huawei៕