(រតនគិរី)៖ ក្រោមកិច្ចសហការ ជាមួយក្រុមហ៊ុនកាណាដា Angkor Resources Corp, ធនាគារ ABA បានបន្ដបើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុ ដំណាក់កាលទី៣ នៅតំបន់ដាច់ស្រយាល ក្នុងខេត្តរតនគិរី ក្រោមទទួលបានជោគជ័យ ក្នុងការអនុវត្តកម្មវិធីនេះ ក្នុងដំណាក់កាលទី១ និងទី២ នាពេលកន្លងមក។

គោលបំណងចម្បងនៃការបើកថ្នាក់នេះ គឺដើម្បីផ្តល់ចំណេះដឹងចាំបាច់មួយចំនួន ដល់អ្នកចូលរួម ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ, លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ, និងរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ទាំងមូល។

កម្មវិធីនេះ បានជួយដល់អ្នកចូលរួម ឲ្យមានឱកាសក្នុងការធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ន និងអនាគតរបស់ពួកគាត់ កាន់តែប្រសើរឡើង តាមរយៈការបង្កើនស្ថិរភាព និងភាពម្ចាស់ការ ក្នុងការគ្រប់គ្រងលុយកាក់។ កម្មវិធីនេះ បានផ្តល់នូវវគ្គបណ្តុះបណ្តាលពេញលេញ លើប្រធានបទហិរញ្ញវត្ថុជាច្រើនទៀត។

អ្នកចូលរួម បានយល់ដឹងកាន់តែច្បាស់ អំពីគោលគំនិតមេរៀនជាមូលដ្ឋាន ដូចជា៖ ការរៀបចំផែនការហិរញ្ញវត្ថុ, ការចាត់ចែងលុយកាក់, ការកំណត់គោលដៅហិរញ្ញវត្ថុ និងសន្សំ, និងការប្រើប្រាស់ប្រាក់កម្ចី ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបំណុលវ័ណ្ឌ ក ជាដើម។

កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ ដំណាក់កាលទី៣នេះ ABA បានពង្រឹងប្រសិទ្ធភាព និងកម្មវិធីសិក្សា ធ្វើយ៉ាងណាឲ្យថ្នាក់រៀននេះ ផ្ដល់ប្រយោជន៍ និងជះឥទ្ធិពលកាន់តែប្រសើរ ឡើងមួយកម្រិតទៀត ដល់អ្នកចូលរួម។

វគ្គបណ្តុះបណ្តាលគ្រូបង្គោល (TOT) ត្រូវបានរៀបចំឡើង សម្រាប់គ្រូបង្គោលប្រចាំសហគមន៍ចំនួន២២នាក់ ដោយពង្រឹងសមត្ថភាពពួកគាត់ ក្នុងការបង្រៀនមេរៀន និងខ្លឹមសារ ជាភាសាកំណើត ឬគ្រាមភាសា (ភាសាតំបន់) ប្រកបដោយប្រសិទ្ធភាពទៅកាន់សហគមន៍។ វិធីសាស្ត្រនេះ បានបង្ហាញឲ្យឃើញនូវអត្ថប្រយោជន៍យ៉ាងច្រើន ដែលធ្វើឲ្យមានការយល់ដឹង និងការចូលរួមកាន់តែប្រសើរឡើងនៅក្នុងសហគមន៍។

កម្មវិធីចំណេះដឹងហិរញ្ញវត្ថុនេះ មានថ្នាក់សរុបចំនួន២២ ដែលមានអ្នកចូលរួមចំនួន៥០០នាក់ នៅតាមភូមិស្រុកដាច់ស្រយាលមួយចំនួន។ តាមរយៈការពង្រីកវិសាលភាព ទៅកាន់ភូមិស្រុកថ្មី ABA ធានាបានថា ប្រជាពលរដ្ឋកាន់តែច្រើន ក្នុងខេត្តរតនគិរី នឹងទទួលបានអត្ថប្រយោជន៍ពីចំណេះដឹង ដ៏មានសារៈសំខាន់ និងចាំបាច់នេះ។

សូមជម្រាបថា កាលនៅឆ្នាំ២០២២ ABA បានបើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុ ជាលើកដំបូងដោយជោគជ័យ ដោយពេលនោះ មានអ្នកភូមិ ចូលរួមប្រមាណ២០០នាក់ មកពីតំបន់ដាច់ស្រយាល ក្នុងខេត្តរតនគិរី ដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញរបស់សហគមន៍ ព្រមទាំងលើកកម្ពស់ជីវភាព និងហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយភាពឆ្លាតវៃ និងមានស្ថិរភាព៕