(ភ្នំពេញ)៖ ការផលិតស្រាបៀរ ឬភេសជ្ជៈតម្រូវឱ្យមានការប្រើប្រាស់ទឹកដែលស្របទៅតាមស្តង់ដារទឹកសម្រាប់ ផលិតស្រាបៀរ ឬភេសជ្ជៈ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងរសជាតិនៃផលិតផល។

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុន ផលិតស្រាបៀរ និងភេសជ្ជៈក្នុងស្រុកឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានបំពាក់នូវម៉ាស៊ីនចម្រោះទឹកស្អាត ULTRAFILTER ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន EUWA នៃប្រទេសអាល្លឺម៉ង់ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាថាគ្រប់ដំណក់ទឹកត្រូវបានច្រោះយ៉ាងត្រឹមត្រូវស្របទៅតាមបទដ្ឋានអន្តរជាតិ។

ប្រព័ន្ធចម្រោះទឹក ULTRAFILTER មានមុខងារដើរដោយស្វ័យប្រវត្តិ បិទជិត និងមានតម្រងច្រើនជាន់ដែលមានសមត្ថភាពអាចច្រោះយកកំទេចកំទីល្អិតៗ និងកករល្អក់ ដើម្បីទទួលបាននូវទឹកដែលស្អាតបំផុត មានអនាម័យខ្ពស់ និងស្របតាមស្តង់ដារទឹកសម្រាប់ផលិតស្រាបៀរ និងភេសជ្ជៈ។

គួរបញ្ជាក់ថា EUWA ជាក្រុមហ៊ុនដែលមានបទពិសោធន៍លើសពី ៥០ឆ្នាំ ក្នុងវិស័យបច្ចេកវិទ្យាសម្អាតទឹក និងបានតម្លើងម៉ាស៊ីន និងបច្ចេកវិទ្យារបស់ខ្លួនក្នុងរោងចក្រផលិតភេសជ្ជៈធំៗជាច្រើននៅលើពិភពលោក។

ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំជាងគេនៅកម្ពុជា ដែលវិនិយោគដោយសហគ្រិនខ្មែរ១០០% ទទួលបានពានរង្វាន់គ្រប់គ្រងចង្វាក់ផលិតកម្មលំដាប់ពិភពលោក និងទទួលបានវិញ្ញាបនបត្រអន្តរជាតិធំៗពីរគឺ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ ហើយគ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ៣៣គ្រឿង ច្រើនជាងគេក្នុងប្រទេសកម្ពុជា ពីស្ថាប័នវាយតម្លៃអន្តរជាតិ Monde Selection ៕