(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ជូនក្រុមជម្រើសជាតិរបស់ខ្លួន ៣ក្រុម ស្មើនឹងកីឡាករ ១៥នាក់ ទៅចូលរួមការប្រកួតមិត្តភាពអន្ដរជាតិរវាងឡាវ កម្ពុជា និងវៀតណាម នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី០៣-០៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានថ្លែងក្នុសន្និសីទសារព័ត៌មាន មុនប្រតិភូកីឡាទោចក្រយានកម្ពុជា ចាកចេញពីមាតុភូមិ កាលពីចុងសប្ដាហ៍កន្លងទៅថា ការចូលរួមប្រកួតមិត្តភាពអន្ដរជាតិនេះ តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាទោចក្រយានឡាវ ដើម្បីអបអរសាទរ ក្នុងឱកាសដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះលើកទី១ រៀបចំកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៣។

យ៉ាងណាមិញសហព័ន្ធ បានចាត់ទុកការប្រកួតខាងលើ គឺជាឱកាសដ៏ល្អមួយ សម្រាប់សហព័ន្ធ ក្នុងការវាស់ស្ទង់សមត្ថភាព និងគុណភាពបច្ចេកទេសរបស់កីឡាករកម្ពុជា បន្ទាប់ពីចប់យុទ្ធនាការប្រកួតកីឡាស៊ីហ្គេម ដើម្បីត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិផ្សេងៗទៀត ព្រោះព្រឹត្តិការណ៍នេះ ទាំងម្ចាស់ផ្ទះឡាវ និងវៀតណាម សុទ្ធតែបញ្ជូនក្រុមជម្រើសជាតិចូលរួមប្រកួតរៀងៗខ្លួន។

អគ្គលេខាធិការសហព័ន្ធបន្ថែមថា ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្ដរជាតិនេះ សហព័ន្ធនឹងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នាដើមខែមករា ឆ្នាំ២០២៤ ខាងមុខ ដើម្បីស្វែងរកកីឡាករមានសមត្ថភាព និងទេពកោសល្យចូលរួមជាមួយក្រុមជម្រើសជាតិ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសគឺត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ នៅប្រទេសថៃ ផងដែរ៕