(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បានប្រកាសថា ខ្លួននឹងផលិតអាគុយសម្រាប់រថយន្តអគ្គិសនី (BEV) ម៉ូដែលថ្មីៗចំនួន ៦ម៉ូដែលបន្ថែមទៀតនៅក្នុងទ្វីបអឺរ៉ុបនៅឆ្នាំ២០២៦ ខណៈក្តីរំពឹងខ្ពស់ការផលិតអាគុយប្រភេទថ្មីនេះ នឹងនាំឱ្យមានការបញ្ជាទិញរថយន្តអគ្គិសនីកើនឡើងប្រមាណ ២០ភាគរយឯណោះសម្រាប់តែទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។

Toyota គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតមួយនៅទូទាំងពិភពលោក នឹងបានកាន់កាប់ចំណែកទីផ្សារក្នុងចំណាត់ថ្នាក់លេខ ៥ក្នុងចំណោមក្រុមហ៊ុនដែលលក់រថយន្តបានច្រើនជាងគេនៅអឺរ៉ុបគិតត្រឹមរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៣ នេះ។

យោងតាមសេចក្តីថ្លែងការណ៍នៅសប្តាហ៍នេះ ក្រុមហ៊ុន Toyota បានរំពឹងថា ខ្លួននឹងអាចលក់រថយន្តដែលប្រើថាមពលអគ្គិសនីនៅអឺរ៉ុបបានជា ២៥ម៉ឺនគ្រឿងឯណោះក្នុងមួយឆ្នាំនៅអឺរ៉ុបគិតត្រឹមឆ្នាំ២០២៦ ហើយនឹងអាចឈានដល់ការលក់សរុប ១.៥លានគ្រឿងឯណោះនៅទូទាំងពិភពលោក។

គួរជម្រាបដែរថា ជុំវិញការផលិតអាគុយអគ្គិសនីចំនួន ៦ម៉ូដែលថ្មីរបស់ Toyota នេះនៅមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយនោះទេ ខណៈដែលផលិតកម្មចាប់ផ្តើមនៅពេលណា Toyota នឹងប្រាប់នៅពេលក្រោយ៕