(ភ្នំពេញ)៖ លោកបណ្ឌិតសេង ប៊ុនធឿន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាស្រ្តាចារ្យជាច្រើនរូបទៀត បានដឹកនាំក្រុមនិសិត្សជាង៣០០នាក់ ធ្វើដំណើរទស្សនាកិច្ចនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ដើម្បីឱ្យនិស្សិតបានសិក្សាស្វែងយល់ដោយផ្ទាល់ អំពីដំណើការនៃចង្វាក់ផលិតរោងចក្រ ការគ្រប់គ្រង និងការធ្វើទីផ្សាររបស់ក្រុមហ៊ុន។

អ្វីដែលពិសេសនោះ គឺក្រុមនិស្សិតបានទទួលនូវការចែករំលែកនូវបទពិសោធន៍ដឹកនាំ និងគ្រប់គ្រងអាជីវកម្មដោយផ្ទាល់ពីអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែម្ដង។

អ្នកឧកញ៉ា លាង ម៉េង បានថ្លែងឱ្យដឹងថា រូបលោកផ្ទាល់ក៏ដូចជាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបណ្ដុះនូវផ្នត់គំនិតរៀនសូត្រពីអ្វីដែលថ្មីជានិច្ច ដើម្បីពង្រឹងសមត្ថភាពក្នុងការដឹកនាំ និងអភិវឌ្ឍក្រុមហ៊ុនឱ្យមានការីកចម្រើន។ អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា ការអនុវត្តការងារអ្វីក៏ដោយ រមែងតែងតែមានឧបសគ្គ ក៏ប៉ុន្ដែ បញ្ហាទាំងនោះ គឺសុទ្ធតែជាឱកាសដើម្បីឱ្យយើងបានរៀនសូត្រដកពិសោធន៍ក្នុងការអភិវឌ្ឍសមត្ថភាព។

ក្នុងន័យនេះ អ្នកឧកញ៉ា លាង ម៉េង បានសង្កត់ធ្ងន់ប្រាប់ទៅកាន់ក្រុមនិស្សិតថា ការកសាងក្រុមហ៊ុនមួយរឹងមាំក៏ដូចជាគ្នាដែរ គឺត្រូវរៀនពីអ្វីដែលថ្មី និងអនុវត្តឱ្យត្រូវតាមស្ដង់ដារនិន្នាការពិភពលោក នោះទើបក្រុមហ៊ុនអាចឈរជើងរឹងមាំ និងអាចតជំនាន់រាប់រយឆ្នាំទៅបាន។ ដោយហេតុនេះហើយទើប ខ្មែរ ប៊ែវើរីជីស យកវាជាការទទួលខុសត្រូវរបស់យើងក្នុងការផ្តល់នូវជំនាញ និងឧបករណ៍ តាមដែលយើងអាចធ្វើទៅបាន ដើម្បីចូលរួមបណ្តុះបណ្តាលប្អូនៗនិស្សិត ព្រោះថារោងចក្រ ខ្មែរ ប៊ែវើរីជីស មានសុទ្ធតែអ្នកជំនាញពីគ្រប់ផ្នែក មិនមែនត្រឹមតែផ្នែកផលិតកម្មនោះទេ ថែមទាំងផ្នែកផ្សេងៗដូចជា ផ្នែកទីផ្សារ ផ្នែកធនធានមនុស្សជាដើម។

សូមបញ្ជាក់ថា ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំជាងគេនៅកម្ពុជា ដែលវិនិយោគដោយសហគ្រិនខ្មែរ១០០% ទទួលបានពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក និងទទួលបានវិញ្ញាបនបត្រអន្តរជាតិធំៗពីរគឺ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន។ ហើយគ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ៣៣គ្រឿង ច្រើនជាងគេក្នុងប្រទេសកម្ពុជា ពីស្ថាប័នវាយតម្លៃអន្តរជាតិ Monde Selection​ ៕