(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៧ ឆ្នាំ២០២៣ នៅប្រទេសវៀតណាមកាលពីថ្មីៗ បានសបញ្ជាក់ឲ្យឃើញថា កីឡាវ៉ូវីណាមកម្ពុជា មានថ្នាលបន្ដវេនដ៏មានសក្ដានុពលពីរាមច្បង។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។

ការគូសបញ្ជាក់នេះ បន្ទាប់ពីប្រតិភូ និងអត្តពលិកកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញកាលពីចុងសប្ដាហ៍កន្លងទៅ អមជាមួយការដណ្ដើមបានមេដាយសរុប ២០គ្រឿង ក្នុងនោះមានមេដាយមាស ៦ មេដាយប្រាក់ ៥ និងមេដាយសំរឹទ្ធ ៩គ្រឿង ហើយបានឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ៣៥ប្រទេស ដែលចូលរួមប្រកួតជើងឯកពិភពលោកឆ្នាំនេះ។

ប្រធានសហព័ន្ធខាងលើបានបញ្ជាក់ថា ឆ្នាំនេះកម្ពុជាបានធ្លាក់ចុះមេដាយ ក៏ដូចជាចំណាត់ថ្នាក់ពីលេខ២ មកលេខ៣ ដោយសារកម្ពុជា បានចូលរួមប្រកួតតិចវិញ្ញាសាជាងឆ្នាំ២០១៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ស្ទើរពាក់កណ្ដាល។ ប៉ុន្ដែបើនិយាយពីបច្ចេកទេស និងគុណផលកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសកីឡាករ-កីឡាការិនីវ័យក្មេងតែម្ដង។

លោកបន្ដថា «ពួកយើងពិតជាអរគុណក្រសួងអប់រំ យុវជន និងកីឡា ដែលអនុញ្ញាតឲ្យមានថ្នាលយុវជន កាលពីឆ្នាំ២០១៩ ធ្វើឲ្យសហព័ន្ធមានឱកាសបណ្ដុះបណ្ដាលថ្នាល សម្រាប់ត្រៀមបន្ដវេនពីរាមច្បង ពេលធ្លាក់ចុះសមត្ថភាព។ ការត្រៀមថ្នាលនេះ នាំឲ្យសហព័ន្ធទទួលបានជោគជ័យ ជាក់ស្ដែងតាមរយៈការបញ្ជ្រាបថ្នាលចូលរួមប្រកួតជើងឯកពិភពលោកឆ្នាំនេះ សុទ្ធតែឈានដល់កម្រិតមេដាយមាសពិភពលោក ដូចជា សៀន ចាន់ហួត, ម៉ែន សុខវិច្ឆិកា, ឯម ច័ន្ទកន្និកា ជាដើម»

នេះគឺជាជោគជ័យថ្មីមួយទៀត បន្ទាប់ពីសហព័ន្ធបានខិតខំបណ្ដុះបណ្ដាលថ្នាល ក្រោមការគាំទ្ររបស់ក្រសួងអប់រំ ហើយសហព័ន្ធប្ដេជ្ញានឹងបន្ដការបណ្ដុះបណ្ដាល និងពង្រឹងថ្នាលបន្ថែមទៀត ដើម្បីរក្សាបាននូវសក្ដានុពលកីឡាវ៉ូវីណាមកម្ពុជា។ យ៉ាងណាសហព័ន្ធ ក៏មិនទាន់ផ្ដល់ឱកាស ១០០% ដល់យុវជនថ្នាលនោះទេ ពោលគឺសហព័ន្ធនៅតែផ្ដល់អាទិភាពសម្រាប់កីឡាករ-កីឡាការិនីរាមច្បង ដែលមានសមត្ថភាព និងបទពិសោធន៍យូរឆ្នាំផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក អ៊ូ រតនា៕