(បរទេស)៖ ខ្សែភាពយន្តប្រគំតន្ត្រី «Renaissance» របស់តារាចម្រៀង Beyonce ដែលទស្សនិកជនរង់ចាំយ៉ាងអន្ទះសារនោះ ត្រូវបានរាយការណ៍មកថា រកចំណូលបានរហូតដល់ ២២លានដុល្លារ ក្នុងការចាក់បញ្ចាំងកាលពីចុងសប្តាហ៍កន្លងទៅ ដោយបានបំបែកកំណត់ត្រា និងបានជួយធ្វើឱ្យវិស័យភាពយន្តមានភាពរស់រវើកឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទោបីជាចំណូលសរុបចំនួន ២២លានដុល្លារ បានបំបែកកំណត់ត្រាពេលនេះក្តី តែវាតិចជាងកំណត់ត្រាកាលពី២០ឆ្នាំមុន ដែលរកបានរយៈពេលមួយសប្តាហ៍ចំនួន ២៤.២ លានដុល្លារដោយ «The Last Samurai» របស់ Tom Cruise។ នេះបើយោងតាម Deadline។ ការប្រគំតន្ត្រី Renaissance បានទទួលការវាយតម្លៃ១០០% គ្មានកំហុសពី Rotten Tomatoes និងត្រូវបានអ្នកត្រួតពិនិត្យសរសើរ។

គួរជម្រាបថា ភាពយន្តពីការប្រគំតន្ត្រី Renaissance ក្នុងឆ្នាំនេះ បានបង្ហាញខ្លួនផ្តាច់មុខនៅក្នុងរោងភាពយន្ត AMC បន្ទាប់ពីភាពយន្តពីការប្រគំតន្ត្រី «The Eras Tour» របស់ Taylor Swift ដែលរកចំណូលបាន ១៧៨.៨លានដុល្លារក្នុងស្រុក និង ២៤៩.៥លានដុល្លារពីទីផ្សារអន្តរជាតិ៕