(បរទេស)៖ កីឡាករឆ្នើម ២រូបរួមមាន Erling Haaland របស់ក្លិប Manchester City និង Martin Odegaard របស់ Arsenal អត់បានលេងពានជើងឯកអឺរ៉ុប Euro 2024 ទេ ដោយសារតែប្រទេសរបស់ពួកគេ គឺន័រវេសបានធ្លាក់ក្នុងវគ្គ ជម្រុះជុំដំបូង គ្រាដែលស៊ុយអែត ក៏អវត្តមានលើកដំបូងផងដែរ ក្នុងរយៈពេល ២៨ឆ្នាំមកនេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា ន័រវេសមិនអាចទៅ Euro 2024 នៅប្រទេសអាល្លឺម៉ង់បានទេ ដោយសារតែបញ្ចប់នៃចំណាត់ថ្នាក់លេខ៣ ប្រចាំពូល A នៃវគ្គជម្រុះជុំដំបូង ក្នុងចំណោម ៨ប្រកួត ដែលរកបានតែ ១១ពិន្ទុប៉ុណ្ណោះ ខណៈស្កុតឡេន និងអេស្ប៉ាញឈានទៅវគ្គចែកពូល ២៤ក្រុមចុងក្រោយ។

Euro ដែលត្រូវបានរៀបចំចំនួន ១៦លើកមកនេះ ន័រវេសទើបតែបានឡើងជុំចុងក្រោយតែ ១លើកប៉ុណ្ណោះកាល ឆ្នាំ ២០០០ ស្របពេលស៊ុយអែត អតីតក្រុមខ្លាំងនៅអឺរ៉ុបមួយដែរ បានអវត្តមានឡើងទៅវគ្គចែកពូលលើកដំបូង គិតចាប់ តាំងពីឆ្នាំ១៩៩៦ មក។

ស៊ុយអែត ដែលមានអតីតកីឡាករ Zlatan Ibrahimovic និងបច្ចុប្បន្នមាន Victor Lindelof និង Isak ផងនោះ បានឆ្លងចូលជុំចុងក្រោយ ៦សម័យកាលជាប់ៗគ្នា គិតចាប់តាំងពីឆ្នាំ២០០០ ក្នុងនាមក្រុមធ្លាប់ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ម្តងដែរកាលខ្លួនធ្វើម្ចាស់ផ្ទះនាឆ្នាំ១៩៩២ ដែលបានចាញ់អាល្លឺម៉ង់ ៣-២៕