(ក្រុងឡុងដ៍)៖ កីឡាករស្នូកឃើ Ronnie O’Sullivan បានក្លាយជាជើងឯកពាន UK Championship 2023 ក្រោយយកឈ្នះគូប្រជែង Ding Junhui ដោយលទ្ធផល ១០ទល់នឹង៧ ក្នុងវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា នេះជាកំណត់ត្រាឈ្នះជើងឯក UK Championship លើកទី៨ និងបានក្លាយជាកីឡាករចាស់ជាងគេ ក្នុងការឈ្នះពានជើងឯកប្រចាំឆ្នាំរបស់អង់គ្លេសនេះដែរ គិតចាប់តាំងកីឡាករវ័យ ៤៨ឆ្នាំខាងលើ ឈ្នះពាននេះដំបូងតាំងពីរូបគេទើបមានអាយុ ១៧ឆ្នាំមកម្ល៉េះ។

ក្នុងជំនួបទល់នឹងជើងខ្លាំងមកពីចិន Ding នារាត្រីថ្ងៃអាទិត្យនោះដែរ O’Sullivan បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៤-៤ សម្រាប់ ៨សិតដំបូង ក្នុងចំណោមប្រកួត ១៧សិត នៅឯទីលានដែលស្ថិតក្នុងទីក្រុងវ័យចំណាស់របស់អង់គ្លេស York ដែលមានទំហំទឹកប្រាក់ប្រមាណ ២៥០,០០០ផោនសម្រាប់ជើងឯក។

Ronnie O’Sullivan អតីតជើងឯកពិភពលោក ៧សម័យកាល បានបន្តភាពខ្លាំងក្នុងឆ្នាំ២០២៣ តាមរយៈយកឈ្នះគូប្រជែងដែលឈរនៅចំណាត់ថ្នាក់លេខ៤០ កម្រិតពិភពលោក Ding Junhui និងធ្វើបាន ១២៩ពិន្ទុផងដែរ ក្នុងចំណោម ១០សិតជ័យជម្នះនោះ ក្នុងនាមកីឡាករដែលទើបឈ្នះពាន Shanghai Masters កាលពីខែកញ្ញា ឆ្នាំ២០២៣ មកដែរ៕