(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា បានចុះជួយរៀបចំសរសេរបញ្ជីម្ហូបអាហារជាច្រើនមុខ នៅតាមស្តង់ CAMBODIA BEER ដោយផ្ទាល់ដៃ ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ នៅឯខេត្តកែប។

កាយវិការនៃការ ចុះសរសេរអក្សររាយនាមមុខម្ហូបលើក្ដារខៀន របស់អ្នកឧកញ៉ា លាង ម៉េង បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារម្ហូបអាហារ និងភេសជ្ជៈនៅតាមស្តង់ CAMBODIA BEER ជាពិសេសការផ្ទិតផ្ចង់សរសេរអក្សរយ៉ាងស្រស់ស្អាត និងមានរបៀបរៀបរយគួរឱ្យទាក់ទាញ ។

ថ្ងៃនេះដែរ អ្នកគាំទ្រ ក៏ប្រហែលជាបានដឹងកាន់តែច្បាស់ថា អ្នកឧកញ៉ា លាង ម៉េង មិនត្រឹមតែជាសហគ្រិនខ្មែរ ប្រឹងប្រែងកសាងម៉ាកយីហោផលិតផលភេសជ្ជៈរបស់ខ្មែរ ឱ្យបរទេសបានស្គាល់ច្បាស់ប៉ុណ្ណោះទេ តែអ្នកឧកញ៉ា ថែមទាំងសរសេរអក្សរខ្មែរ បានស្អាតថែមទៀតផង។ ជារឿយៗ អ្នកឧកញ៉ា ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រូបនេះ តែងតែចុះសមរភូមិការងារជាប់ជាមួយបុគ្គលិកអាជីវករ ដើម្បីស្វែងយល់ពីសុខទុក្ខ និងជួយលើកទឹកចិត្តដល់ក្រុមការងារ ក៏ដូចជាជួបសំណេះសំណាលផ្ទាល់ជាមួយអតិថិជន និងតំណាងចែកចាយរបស់ក្រុមហ៊ុន ទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣នេះ ប្រារព្ធធ្វើឡើងនៅខេត្តកែប ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ។ ព្រឹត្តិការណ៍លើឆ្នេរខ្សាច់នេះ រៀបចំឡើងនៅតាមបណ្តោយផ្លូវឆ្នេរកែប ចាប់ពីផ្សារក្តាមរហូតដល់មុខសាលាខេត្ត ដោយមានការរៀបចំស្តង់តាំងពិព័រណ៍ ឆាកប្រគុំតន្ត្រី និងឆាកកម្សាន្តប្លែកៗជាច្រើនប្រភេទ ។

អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជន ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិអញ្ជើញចូលរួមទស្សនាដោយសេរី ជាពិសេសកុំភ្លេចឆ្លៀតចូលគាំទ្រម្ហូបអាហារ និងភេសជ្ជៈ នៅតាមស្តង់របស់ CAMBODIA BEER ដើម្បីអ៊ុតមើលមុខម្ហូបអាហារឆ្ងាញ់ៗលើក្ដារខៀន ដែលសរសេរដោយផ្ទាល់ដៃរបស់ អ្នកឧកញ៉ា លាង ម៉េង ៕