(ភ្នំពេញ)៖ ស្ថាប័នតុលាការ គឺជាស្ថាប័នឯករាជ្យមួយ ដោយមិនស្ថិតក្រោមចំណុះស្ថាប័នណាមួយឡើយ ។ ដើម្បីការពារសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ការផ្តន្ទាទោសដល់បុគ្គលគ្រប់រូប ត្រូវធ្វើការសម្រេចដោយមានភាពច្បាស់លាស់ និងសុក្រឹតវិនិច្ឆ័យ ។

ជនណាដែលបង្កចលាចលដល់សង្គម ឬបង្កជាផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងត្រូវទទួលនូវទោសទណ្ឌ ទៅតាមអំពើដែលខ្លួនបានប្រព្រឹត្ត ដោយឆន្ទានុសិទ្ធិរបស់តុលាការ ។ ដូច្នេះដើម្បីឈានដល់ការសម្រេចក្តី របស់តុលាការនៅក្នុងរឿងក្តីនីមួយៗបាន ដោយភាពយុត្តិធម៌ តុលាការត្រូវពិនិត្យឱ្យបានល្អិតល្អន់នៅគ្រប់ដំណាក់កាលនីតិវិធីនៃដំណើរការជម្រះក្តី ។

ក្នុងនោះដែរ ភស្តុតាង គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជាមូលដ្ឋានក្នុងការវិនិច្ឆ័យសេចក្ដី ដើម្បីឱ្យតុលាការធ្វើសេចក្ដីសម្រេចត្រឹមត្រូវ និងយុត្តិធម៌ជូនភាគីក្នុងរឿងក្ដីនោះ ។ ដោយឡែក ក្នុងករណីដែលសាក្សី មានភស្តុតាងដែលអាចបង្ហាញឱ្យឃើញពីភាពស្លូតត្រង់ របស់ជនជាប់ចោទ ពិរុទ្ធជន ឬទណ្ឌិត តុលាការក៏នឹងត្រូវយកមក គិតគូរពិចារណាក្នុងការសម្រេចសេចក្តីផងដែរ ។ មួយវិញទៀតចំពោះសាក្សីដែលមិនព្រមផ្តល់នូវភស្តុតាងទៅអាជ្ញាធរមានសមត្ថកិច្ច សកម្មភាពនេះគឺជាបទល្មើសព្រហ្មទណ្ឌ ដែលនឹងត្រូវផ្តន្ទាទោសទៅតាមប្បញ្ញត្តិច្បាប់ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

តើការមិនផ្តល់ភស្តុតាងជូនតុលាការ ត្រូវទទួលការផ្តន្ទាទោសអ្វីខ្លះ?

សប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បទមិនផ្តល់ភស្តុតាងនៃភាពគ្មានទោស និងការលើកលែង» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់គ្នា ដូចខាងក្រោម។

ដើម្បីកំណត់បាន ពីភាពមានទោស ឬគ្មានទោស ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយ ភស្តុតាង ជាធាតុផ្សំមួយយ៉ាងសំខាន់ដែលមិនអាចខ្វះចន្លោះបានក្នុងការវិនិច្ឆ័យរបស់តុលាការ ។ ដូច្នេះបុគ្គលគ្រប់រូប ត្រូវមានកាតព្វកិច្ចក្នុងការបំភ្លឺ ឬផ្តល់ភស្តុតាងដែលខ្លួនបានដឹង មិនដូច្នេះទេ បុគ្គលណាដែលប្រកាសខ្លួនស្គាល់ចារី សហចារី អ្នកផ្តើមគំនិត ឬអ្នកសមគំនិតនៅក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយប្រកែកមិនព្រមឆ្លើយនឹងសំណួរដែលចៅក្រមបានសួរពីរឿងនេះដល់ខ្លួន នោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ផងដែរ ។ ជាងនេះទៅទៀត ការរិតត្បិតនេះមិនត្រឹមតែបុគ្គលដែលដឹងពីទុច្ចរិតរបស់ជនជាប់ចោទនោះទេ សូម្បីតែបុគ្គលដែលបានដឹងពីអំពើសុចរិតរបស់ជនជាប់ចោទ ពិរុទ្ធជន ឬទណ្ឌិត ហើយមិនបានផ្តល់ភស្តុតាងនោះដល់តុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចទេ បុគ្គលនោះក៏ត្រូវទទួលបាននូវការផ្តន្ទាទោសផងដែរ ។

ដោយយោងតាមស្មារតីនៃមាត្រា ៥៣៩ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិថា៖ «រាល់បុគ្គលណាដែលមានភស្តុតាងបង្ហាញឱ្យឃើញភាពស្លូតត្រង់របស់ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ឬទណ្ឌិត ហើយមិនផ្តល់ភស្តុតាងនោះដល់អាជ្ញាធរតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀតទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល» ។

បន្ថែមពីនេះមាត្រា ៥៣៩ នៃក្រមព្រហ្មទណ្ឌ ក៏បានបញ្ញត្តិពីការលើកលែងឱ្យរួចផុតពីទោសនៃការមិនផ្តល់ភស្តុតាងនៃភាពគ្មានទោស ដូចខាងក្រោម៖

១៖ ចារី សហចារី អ្នកផ្តើមគំនិត ឬអ្នកសមគំនិតនៃបទល្មើសដែលចោទប្រកាន់ ។
២៖ បុព្វញាតិ និងបច្ឆាញាតិ បងប្អូនប្រុសស្រីរបស់ចារី សហចារី អ្នកផ្តើមគំនិត ឬអ្នកសមគំនិត ។
៣៖ សហព័ទ្ធរបស់ចារី សហចារី អ្នកផ្តើមគំនិត ឬអ្នកសមគំនិត ។
៤៖ បុគ្គលដែលត្រូវរក្សាអាថ៌កំបាំងខាងវិជ្ជាជីវៈ ។

សរុបសេចក្តីមក ការផ្តល់ភស្តុតាងរបស់សាក្សីពិតជាមានសារៈសំខាន់ក្នុងការវិនិច្ឆ័យនៅនៅរឿងក្តីនីមួយៗ ដូច្នេះគប្បីឱ្យបុគ្គលដែលបានដឹងពីភាពសុចរិតរបស់ជនជាប់ចោទ ត្រូវមានកាតព្វកិច្ចផ្តល់ការបំភ្លឺ ឬផ្តល់ចម្លើយជូនតុលាការ ចៀសវាងការទទួលទោសព្រហ្មទណ្ឌ ដូចដែលបទប្បញ្ញត្តិច្បាប់បានកំណត់ ។

រៀបរៀងដោយ៖ លោកស្រីមេធាវី នូ ពិសី និងកញ្ញា ម៉េង សៀវយី ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕