(ភ្នំពេញ)៖ យុវតីឆ្នើម គា ឆរីតា ជាសិស្សដែលកំពុងសិក្សានៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានរង្វាន់ និងការកោតសរសើរ បន្ទាប់ពីប្រឡងជាប់ជាសិស្សពូកែគណិតវិទ្យាថ្នាក់ទី៩ ចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០២៣ ទូទាំងរាជធានីភ្នំពេញ។

ពិធីប្រគល់រង្វាន់សិស្សពូកែនេះ ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ ២០២៣ នៅវិទ្យាល័យជាស៊ីមឈូកវ៉ា ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ នេះគឺជាជោគជ័យថ្មីមួយបន្ថែមទៀត សម្រាប់យុវតី ឆរីតា ក្រុមគ្រួសាររបស់ប្អូន ក៏ដូចជាសហគមន៍ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ទាំងមូល។ 

សូមរំលឹកថា ឆរីតា ជាយុវតីឆ្នើម ដែលតែងតែទទួលបាននូវភាពជោគជ័យក្នុងការប្រឡង និងប្រកួតប្រជែងទាំងក្នុងក្របខណ្ឌប្រទេសកម្ពុជា ថ្នាក់តំបន់ និងអន្តរជាតិ។

ជាក់ស្ដែង កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ ឆរីតា ទើបតែលើកពានក្នុងកម្មវិធីជជែកដេញដោល ស្តីពីយុវជនដើម្បីការផ្លាស់ប្តូរ ហើយជាសិស្សជ័យលាភីទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតវិញ្ញាសាគណិតវិទ្យាអន្តរជាតិ Caribou Mathematics Contest 2023 ក្នុងកម្រិតថ្នាក់ទី៧/៨ ដែលមានសិស្សចូលរួមប្រកួតចំនួន២,២៣១នាក់ នៅជុំវិញពិភពលោក។

ឆរីតា ក៏ជាសិស្សជ័យលាភីមេដាយមាស ក្នុងការប្រកួត American Mathematics Olympia 2022 និងជាបេក្ខជនជ័យលាភីដែលត្រូវបានជ្រើសរើសទៅបន្តការប្រកួតប្រជែងគណិតវិទ្យា UC MAS នៅប្រទេសម៉ាឡេស៊ីជាដើម។

គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពិតជារីករាយ និងត្រេកអរចំពោះប្អូន សម្រាប់ការដណ្តើមបាននូវជ័យលាភីសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍សាលា និងជូនជាតិ ហើយសូមជូនពរប្អូនឲ្យទទួលបានជោគជ័យបន្ថែមទៀតក្នុងការសិក្សានាថ្ងៃអនាគត៕