(សៀមរាប)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៨ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប បានចាប់ផ្ដើមជាផ្លូវការហើយ នៅព្រឹកព្រលប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នេះ ដោយមានអ្នកចូលរួមសរុប ១០,១៥៤នាក់ ដែលកើនឡើងប្រមាណ ៤០% បើធៀបនឹងកាលពីឆ្នាំ២០២២ ។

ព្រឹត្តិការណ៍កីឡា និងទេសចរណ៍ដ៏ធំនៅតំបន់បេតិកភណ្ឌដ៏ល្អឯកនេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងមានការចូលរួមពីលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកស្រី Arimori Yuko ប្រធានអង្គការបេះដូងមាស រួមជាមួយថ្នាក់ដឹកនាំ គ្រាដែលអ្នករត់ បានបង្ហាញទឹកមុខសប្បាយរីករាយក្រៃលែង បន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិលើទឹកដីអង្គរនេះ ។

លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៨ ឆ្នាំ២០២៣នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ១០,១៥៤ នាក់ ក្នុងនោះ អត្តពលិកខ្មែរចំនួន ៦,៥០០នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣,៦៥៤នាក់ មកពី ៧៨ប្រទេស ដោយមានការកើនឡើង ៤០% ធៀបនឹងឆ្នាំ២០២២ ដែលអ្នកចូលរួមច្រើនជាងគេ គឺមកពីប្រទេសអង់គ្លេស សហរដ្ឋអាមេរិក និងបារាំង» ។

ឆ្លៀតឱកាសនោះដែរ លោកទេសរដ្ឋមន្ដ្រី ក៏បានប្រកាសអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងខួបលើកទី២៨ នៃកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអង្គការបេះដូងមាស ដែលបានខិតខំប្រឹងប្រែងសហការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិនៅតំបន់អង្គរនេះប្រកបដោយភាពជោគជ័យជារៀងរាល់ឆ្នាំផងដែរ ។

បន្ថែមលើនេះ លោកបានអំពាវនាវដល់អត្តពលិកជាតិ និងអន្តរជាតិទាំងអស់ បន្តគាំទ្រ និងចូលរួមទិវារត់ប្រណាំងបន្តទៀត ដើម្បីមនុស្សធម៌ និងរត់ដើម្បីជនរងគ្រោះដោយសារមីន។ ចំពោះព្រឹត្តិការណ៍នេះ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ៕