(ភ្នំពេញ)៖ ក្រុមអត្តពលិកខ្មែរកីឡាហែលទឹក ទទួលបានចំណាត់ថ្នាក់លេងរៀងទី៦ និងដណ្តើមបានសរុប ៥គ្រឿង ពីការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ (18th ASIAN FINSWIMMING CHAMPIONSHIPS 2023) ដោយមានមេដាយមាស ២គ្រឿង ប្រាក់១ និងសំរឹទ្ធ ១ ក្នុងចំណោម ១៧ប្រទេសដែលបានចូលរួមនៅក្នុងកម្មវិធីប្រកួតខាងលើ ដែលការប្រកួតបានរៀបចំឡើងរយៈពេល ០៤ថ្ងៃ នៅប្រទេសថៃ។

សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានបញ្ជាក់ថា ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធខ្មែរកីឡាហែលទឹកបានចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា FIN Swimming ចំនួន ០៥នាក់ ទៅចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣នេះ។

ដែលនេះជាការតបតាមការអញ្ជើញរបស់សមាគមកីឡាក្រោមទឹក នៃព្រះរាជាណាចក្រថៃ (Association of Thailand Underwater Sports) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តភូកេត នៃព្រះរាជាណាចក្រថៃ ខណៈសមាសភាពគ្រូបង្វឹក និងកីឡាករ កីឡាការិនីកម្ពុជា បានទៅចូលរួមមាន គ្រូបង្វឹក ហែមថុន វិទិនី, កីឡាការិនី កាំង មុយនីន, កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត, កីឡាករ ទួន ទិត្យសត្យា និងកីឡាករ លឹម សុខវឌ្ឍន៍នន្ទ។

ជាលទ្ធផលពីការប្រកួតខាងលើនេះ ក្រុមអត្តពលិកកម្ពុជា ដណ្តើមបានមេដាយសរុប ៥គ្រឿង ក្នុងនោះមានមេដាយ ៣គ្រឿងធ្វើបានដោយកីឡាការិនី កាំង មុយនីន មានមេដាយមាស ២ និងប្រាក់ ១គ្រឿង ហើយកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ឈ្នះមេដាយសំរិទ្ធ ២គ្រឿង៕