(ភ្នំពេញ)៖ ឥឡូវនេះអតិថិជនអាចដាក់ប្រាក់ចូល ក្នុងគណនីធនាគារ វីង នៅតាមទីតាំងវីងដែលមាននៅទូទាំងប្រទេសកម្ពុជា ដោយឥតគិតថ្លៃ។ ក្នុងដំណើរឆ្ពោះទៅរកការលើកកម្ពស់ ការផ្តល់សេវាកម្មហិរញ្ញវត្ថុងាយស្រួល ធនាគារ វីង (ខេមបូឌា) ម.ក បានធ្វើការកែសម្រួលសេវាកម្មឲ្យកាន់តែប្រសើរឡើង ដោយមិនយកថ្លៃសេវា ចំពោះការដាក់ប្រាក់ទៅក្នុងគណនីធនាគារ វីង នៅតាមទីតាំងវីងទាំងអស់ ដែលមាននៅក្នុងទូទាំងប្រទេសកម្ពុជា។ ការកែសម្រួលនេះ នឹងផ្តល់ភាពងាយស្រួល ទៅដល់អ្នកប្រើប្រាស់ទាំងអស់អាចដាក់ប្រាក់ ទៅក្នុងគណនីធនាគារ វីង ដែលជាសាច់ញាតិ ឬមិត្តភក្តិ ដោយមិនចាំបាច់ចំណាយថ្លៃសេវាបន្ថែមទៀតនោះឡើយ។

លោក ហាន ប៉េង ក្វាង អគ្គនាយកធនាគារ វីង មានប្រសាសន៍ថា ដំណើរការនេះត្រូវបានដាក់ចេញយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញតម្រូវការឲ្យបានកាន់តែទូលំទូលាយ ទៅដល់អ្នកប្រើប្រាស់ ដើម្បីប្រាកដថា ការដាក់ប្រាក់ទៅក្នុងគណនីធនាគារ វីង ទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិ ឬការទូទាត់ទំនិញ និងសេវាកម្មផ្សេងៗ អាចធ្វើទៅបានកាន់តែងាយស្រួល។

លោក ហាន ប៉េង ក្វាង បានថ្លែងថា «គំនិតផ្តួចផ្តើមនេះ គឺស្របជាមួយនឹងគុណតម្លៃស្នូលដ៏សំខាន់របស់យើង នោះគឺមានភាពច្នៃប្រឌិត និងការផ្តោតលើតម្រូវការអតិថិជន ដោយប្រាកដថា ពលរដ្ឋគ្រប់រូបអាចទទួលបានសេវាកម្មហិរញ្ញវត្ថុ ដែលមានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់»

ជាមួយការធ្វើឲ្យប្រសើរឡើងនេះ អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងដំណោះស្រាយ ក្នុងការដាក់ប្រាក់ទៅក្នុងគណនីធនាគារ វីង ដោយឥតគិតថ្លៃ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ ដាក់ប្រាក់ទៅក្នុងគណនីធនាគារ វីង ជាមួយទំហំទឹកប្រាក់ឥតដែនកំណត់ ដោយក្នុងមួយប្រតិបត្តិការ អាចអនុញ្ញាតរហូតដល់ ៤.០០០.០០០រៀល (១.០០០ដុល្លារ)។ ការផ្តល់ជូនដោយឥតគិតថ្លៃនេះ ជាការធ្វើឲ្យប្រសើរឡើង ពីតម្លៃសេវាដែលបានអនុវត្តកន្លងមក គឺរាល់ពេលដែលធ្វើប្រតិបត្តិការផ្ទេរប្រាក់ នៅតាមទីតាំងវីងទៅក្នុងគណនីធនាគារ វីង តម្រូវឲ្យមានការបង់ថ្លៃសេវាបន្ថែមចាប់ពី ១.២០០រៀល ក្នុងមួយប្រតិបត្តិការ ដោយអាស្រ័យលើទំហំទឹកប្រាក់ដែលផ្ញើចេញ។

ដើម្បីដាក់ប្រាក់ចូលទៅក្នុងគណនីធនាគារ វីង អតិថិជនគ្រាន់តែអញ្ជើញទៅកាន់ទីតាំងវីង ដែលនៅជិតបំផុត ហើយផ្តល់ព័ត៌មានចំាបាច់មួយចំនួនដូចជា ឈ្មោះ និងលេខគណនីរបស់អ្នកទទួល។ បន្ទាប់ពីបញ្ចប់ដំណើរការដាក់ប្រាក់រួចរាល់ អតិថិជនត្រូវបានលើកទឹកចិត្ត ឲ្យចែករំលែកវិក័យបត្រជាមួយភាគីអ្នកទទួល ដើម្បីប្រាកដថា ប្រតិបត្តិការនោះបានដំណើរការដោយជោគជ័យ។ បន្ថែមពីនេះ អតិថិជនក៏អាចដាក់ប្រាក់ តាមរយៈម៉ាស៊ីនអេធីអឹមដ៏ទំនើបរបស់ធនាគារ វីង ដែលងាយស្រួលរកនៅតាមទីតាំងទាំង១៩ សាខាស្ថិតក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដើម្បីធ្វើការដាក់ប្រាក់ចូលគណនីធនាគារ វីង ដោយឥតគិតថ្លៃផងដែរ។

លើសពីនេះ អតិថិជនក៏ទទួលបាននូវប្រយោជន៍ ពីការប្រើប្រាស់កម្មវិធី Wing Bank App នៅលើស្មាតហ្វូន ដែលអាចរីករាយ ជាមួយនឹងសេរីភាពក្នុងការផ្ទេរប្រាក់ ទៅគណនីធនាគារក្នុងស្រុកផ្សេងៗទៀត ដោយឥតគិតថ្លៃ។ ចំពោះអតិថិជនដែលមានកម្មវិធី Wing Bank App នៅលើស្មាតហ្វូនរួចរាល់ អាចផ្ទេរប្រាក់ទៅកាន់គណនីធនាគារ វីងដូចគ្នា ដែលអាចធ្វើប្រតិបត្តិការរហូតដល់ ១៥០.០០០ដុល្លារក្នុងមួយថ្ងៃ។ ចំណែកការផ្ទេរសាច់ប្រាក់ ទៅកាន់គណនីធនាគារក្នុងស្រុកផ្សេងទៀត ដោយប្រើប្រាស់ប្រព័ន្ធ KHQR អតិថិជនអាចធ្វើប្រតិបត្តិការ ជាមួយទំហំទឹកប្រាក់រហូតដល់ ៥០.០០០ដុល្លារក្នុងមួយថ្ងៃ ដែលអាចផ្ញើរប្រាក់ទៅកាន់មិត្តភក្តិ និងសមាជិកគ្រួសារកាន់តែច្រើនជាងមុនដោយឥតគិតថ្លៃ។

ជាងនេះទៅទៀត រាល់ការទូទាត់នៅតាមហាង ដែលប្រើប្រាស់មុខងារស្គេនទូទាត់តាមប្រព័ន្ធ KHQR អតិថិជនរបស់ធនាគារ វីង អាចធ្វើប្រតិបត្តិការជាមួយនឹងទំហំទឹកប្រាក់រហូតដល់ ១០០.០០០ដុល្លារក្នុងមួយថ្ងៃ ដែលអតិថិជនកាន់តែរីករាយ ជាមួយនឹងបទពិសោធន៍ទិញទំនិញនៅតាមហាង ឬផ្សារទំនើបនានា។

បន្ថែមពីលើការប្រើប្រាស់សេវាផ្ទេរប្រាក់ ដោយឥតគិតថ្លៃសេវា អតិថិជនធនាគារ វីង ក៏អាចមានឱកាសទទួលបានអត្រាការប្រាក់ប្រកួតប្រជែង ដោយគ្រាន់តែដាក់ប្រាក់នៅក្នុងគណនីសន្សំធនាគារ វីង ដែលអតិថិជនអាចទទួលបានអត្រាការប្រាក់ ៣ភាគរយក្នុងមួយឆ្នាំ ហើយថែមទាំងអាចរីករាយ ជាមួយនឹងភាពបត់បែនក្នុងការដកសាច់ប្រាក់ បានគ្រប់ពេលដែលមានតម្រូវការ។

អតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការទទួលយករបៀបរស់នៅតាមគន្លងថ្មី បែបឌីជីថលយ៉ាងពេញលេញជាមួយធនាគារ វីង ដូចជាការទូទាត់វិក្កយបត្រ បញ្ចូលកាតទូរស័ព្ទ ការទិញទំនិញតាមអ៊ីនធឺណិត ការទូទាត់សេវាធានារ៉ាប់រង និងសេវាកម្មជាច្រើនផ្សេងទៀត៕